លោក Tahir al-Nono មន្ត្រីជាន់ខ្ពស់នៃក្រុមហាម៉ាស់បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ពីការរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោស។ ក្រុមហាម៉ាស់បានព្រមានថា ការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែលទៅលើអគារលំនៅដ្ឋាននៅតំបន់ហ្គាហ្សា អាចបង្កគ្រោះថ្នាក់ដល់ចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួននៅទីនោះ។
នាថ្ងៃដដែល នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani បានអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើអ៊ីស្រាអែល។ ថ្លែងនៅមុនសន្និសីទបន្ទាន់របស់មេដឹកនាំអារ៉ាប់ និងឥស្លាមដែលកាតាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើមេដឹកនាំក្រុមហាម៉ាស់នៅរដ្ឋធានីដូហា នាយករដ្ឋមន្រ្តី Al Thani បានសង្កត់ធ្ងន់ថា សកម្មភាពរបស់អ៊ីស្រាអែលនឹងមិនរារាំងកាតាពីការបន្តកិច្ចខិតខំប្រឹងប្រែងរួមជាមួយអេហ្ស៊ីប និងសហរដ្ឋអាមេរិកដើម្បីបញ្ឈប់សង្រ្គាមនៅតំបន់ហ្គាហ្សានោះទេ៕
