ខ្យល់ព្យុះលេខ ១០ និងចរន្តខ្យល់ ទឹកជំនន់ និងការរអិលបាក់ដីបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ (រូបថត៖ VOV) |
ដោយសារឥទ្ធិពលនៃចរន្តស្យល់បន្ទាប់ពីព្យុះ Bualoi ផ្លូវដែកបានផ្អាករថ ភ្លើងមួយចំនួនជាបណ្តោះអាសន្ន ដើម្បីធានាសុវត្ថិភាព។ វិស័យផ្លូវដែកបានរៀបចំការដឹកជញ្ជូនអ្នកដំណើរផ្លូវគោក ពីស្ថានីយ៍ Thanh Hoa ទៅស្ថានីយ៍ Truong Lam និងផ្ទុយមកវិញ។ ចំនួនអ្នកដំណើរដែលដឹកជញ្ជូនតាមរថភ្លើងផ្លូវគោក ត្រូវបានគេរំពឹងថា នឹងមានអ្នកដំណើរជាង១.១០០នាក់។
នៅចំពោះមុខការខូចខាតដែលបង្កឡើងដោយព្យុះ Bualoi ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Ha Tinh លោក Vo Trong Hai បានស្នើឲ្យមានការចល័តកងកម្លាំងក្នុងតំបន់ ដើម្បីជម្លៀសប្រជាជនជាបន្ទាន់នៅតំបន់ដែលប្រឈមនឹងការរអិលបាក់ដី។ លោក Nguyen Tien Thich អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Huong Son បានឲ្យដឹងថា ទឹកកំពុងស្រកយ៉ាងលឿន កម្លាំងមុខងារឃុំកំពុងជួយប្រជាជនជំនះផលវិបាក អភិវឌ្ឍន៍ផលិតកម្ម និងស្ថិរភាពជីវភាពរស់នៅឆាប់ៗ៖
“យើងបន្តគៀរគរកម្លាំង ប្រមូលផ្តុំទៅកាន់ភូមិឃុំធានាសន្តិសុខសង្គមជូនប្រជាពលរដ្ឋ។ ទី២-អនុវត្តការបោសសម្អាតដើម្បីធានាឱ្យមានការធ្វើចរាចរណ៍ឱ្យរលូនតាមដងផ្លូវសំខាន់ៗ និងជនបទនៃឃុំ-ភូមិ។ បន្ទាប់មក យើងត្រូវចល័តកម្លាំងទាំងអស់ទៅធ្វើការជាមួយសាលារៀន និងមន្ទីរពេទ្យដើម្បីជំនះពុះពារក្រោយព្យុះ និងទឹកជំនន់ សំដៅឱ្យសកម្មភាពប្រចាំថ្ងៃអាចដំណើរការដូចធម្មតាវិញ”។
ក្នុងពេលជាមួយគ្នានោះ នៅភាគខាងជើង ចរន្តខ្យល់របស់ព្យុះ Bualoi បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្ត និងទីក្រុងមួយចំនួនដូចជា៖ ហាណូយ, Phu Tho, Thai Nguyen, Tuyen Quang, Lao Cai។ ឃុំជាច្រើននៅតំបន់ភ្នំ និងដាច់ស្រយាលក្នុងមូលដ្ឋានមួយចំនួនត្រូវបានកាត់ផ្តាច់ចេញពីផ្លូវ ហើយការរអិលបាក់ដីបានកើតឡើងក្នុងអំឡុងពេលមានភ្លៀងនិងក្រោយភ្លៀង។ អាជ្ញាធរមូលដ្ឋានបានរៀបចំដើម្បីពិនិត្យនិងកំណត់ទីតាំង និងទីកន្លែងដែលប្រឈមនឹងគ្រោះទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី ផ្ទាំងថ្ម ទឹកជំនន់ ... ក្នុងតំបន់ ដើម្បីដាក់ចេញវិធានការធានាសុវត្ថិភាពជូនប្រជាជន។ លោក Giang A Sua អនុប្រធានគណៈកម្មាធិការប្រជាជនឃំ Hanh Phuc ខេត្ត Lao Cai បានឲ្យដឹងថា៖ “ឃុំបានឃោសនាឲ្យប្រជាពលរដ្ឋផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព; ហាមដាច់ខាតការទៅកន្លែងដែលអាជ្ញាធរបានព្រមានពីការរអិលបាក់ដី ទឹកជំនន់ភ្លាមៗ”។
ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យតំបន់ជាច្រើនក្នុងទីក្រុងហាណូយ លិចលង់ទ្រង់ទ្រាយធំ ធ្វើឱ្យស្ទះចរាចរណ៍នៅលើដងផ្លូវជាច្រើន ហើយក៏បណ្តាលឱ្យជើងហោះហើរជាង ៩០ ទៅកាន់អាកាសយានដ្ឋាន Noi Bai ផ្លាស់ប្តូរទិសដៅ ឬរង់ចាំចុះចត៕

