ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ Lai Hoa/VOV)

គណៈកម្មាធិការជាតិនៃវេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៧ មានសមាជិកចំនួន ១៩ នាក់ដែលក្នុងនោះឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន ជាប្រធានគណៈកម្មាធិការជាតិ APEC ២០២៧។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក ប៊ុយថាញ់ សឺន បានសង្កត់ធ្ងន់ថា៖ “ក្នុងបរិបទដែលតំបន់និងពិភពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគ្រស្មាញ តម្រូវឱ្យសមាជិកបន្តប្រកាន់ខ្ជាប់នូវតម្លៃស្នូល និងគោលដៅនៃវេទិកា ហើយការដែលវៀតណាមជាម្ចាស់ផ្ទះឆ្នាំ APEC ២០២៧ នឹងជាការសាកល្បងដ៏សំខាន់ដើម្បីបញ្ជាក់ជំហរឈានមុខគេ និងលទ្ធភាពសម្របខ្លួនរបស់វៀតណាម ដើម្បីអាចផ្លាស់ប្តូរបញ្ហាប្រឈមទៅជាកាលានុវត្តភាព បង្វែរចក្ខុវិស័យទៅជាសកម្មភាពជាក់ស្តែង និងនាំ APEC ឈានចូលដំណាក់កាលថ្មី”។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ Lai Hoa/VOV)

ថ្លែងមតិក្នុងពិធីប្រកាស នាយករដ្ឋមន្ត្រី លោក ហ្វាមមិញ ជិញ បានសង្កត់ធ្ងន់ថា APEC ២០២៧ បញ្ជាក់ពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះភារកិច្ចនយោបាយបរទេសដ៏សំខាន់បំផុតនេះ៖

“ជាដំបូង ត្រូវជំរុញស្មារតីកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិក APEC។ ទីពីរ ត្រូវពង្រីកស្មារតីនៃការច្នៃប្រឌិត ពោលគឺទទួលមរតកផង និងមានការច្នៃប្រឌិតផង។ ទី៣ ជំរុញការឯកភាពគ្នា ការប្តេជ្ញាចិត្ត ស្មារតី និងទំនួលខុសត្រូវខ្ពស់ក្នុងចំណោមភ្នាក់ងារ និងជាមួយមូលដ្ឋាន ដើម្បីបង្ហើយបណ្តាគម្រោង ធានានូវវឌ្ឍនភាព ធានាគុណភាព ស្ថាបត្យកម្ម និងបរិស្ថានភ្លឺ-បៃតង-ស្អាត។ ទី៤៖ ជំរុញការគាំទ្រ និងការសម្របសម្រួលរបស់សមាជិក APEC ការចូលរួមនិងការរួមចំណែករបស់ប្រជាជន និងសហគមន៍ធុរកិច្ច។ ទី៥ ជំរុញលទ្ធផលនៃសន្និសីទ APEC ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ និងសម្រេចបាននូវគោលដៅនៃសម័យប្រជុំ APEC នីមួយៗ”។

លោកនាយករដ្ឋមន្ត្រីអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូ (រូបថត៖ Lai Hoa/VOV)

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា APEC ២០២៧ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រួមចំណែកនាំកិច្ចសហប្រតិបត្តិការ APEC ឡើងដល់កម្រិតថ្មីមួយ បំពេញតាមការរំពឹងទុករបស់សមាជិកនិងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាពនៅអាស៊ី-ប៉ាស៊ីហ្វិក និងលើពិភពលោក៕