នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានប្រកាសថា លោកនឹងការពារបេតិកភណ្ឌ ដីធ្លី សន្តិសុខ និងបង្កើនចំនួនប្រជាជននៅតំបន់តាំងទីលំនៅ។
តាំងពីយូរមកហើយ អ៊ីស្រាអែលមានមហិច្ឆិតាក្នុងការសាងសង់តំបន់តាំងទីលំនៅ លើផ្ទៃដី១២ គីឡូម៉ែត្រការ៉េនៅហ្សេរុយសាឡឹមខាងកើត ដែលត្រូវបានហៅថា E1 ប៉ុន្តែផែនការនេះ ត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំដោយសារតែការប្រឆាំងជំទាស់អន្តរជាតិ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ការតាំងទីលំនៅនេះនឹងបែងចែកតំបន់ West Bank ជាពីរផ្នែក និងបង្កការគំរាមកំហែងអចិន្ត្រៃយ៍ដល់រដ្ឋប៉ាឡេស្ទីន។ តំបន់តាំងទីលំនៅរបស់អ៊ីស្រាអែលទាំងអស់នៅតំបន់ West Bank ដែលត្រូវបានទន្ទ្រានកាន់កាប់តាំងពីឆ្នាំ ១៩៦៧មក ត្រូវបានចាត់ទុកជាខុសច្បាប់ក្រោមច្បាប់អន្តរជាតិ។ រដ្ឋាភិបាលលោកខាងលិចជាច្រើន រួមទាំងអង់គ្លេស និងបារាំង បានឲ្យដឹងថា នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញានេះ៕
