ទិដ្ឋភាពនៃសិក្ខាសាលា “កម្លាំងនយោបាយ និងស្មារតីនៃបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ - អត្ថន័យចំពោះបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាមក្នុងយុគសម័យថ្មី” ។ រូបថត៖ VOV |
នៅក្នុងសិក្ខាសាលា គណៈប្រតិភូបានផ្តោតទៅលើការពន្យល់អំពីកត្តាដែលបង្កើតជាកម្លាំងនយោបាយ និងស្មារតីនៃបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥; វិភាគ និងបញ្ជាក់ពីសមិទ្ធិផលនិងមេរៀននៃបដិវត្តន៍; ជាពិសេស សង្កត់ធ្ងន់លើការអនុវត្តមេរៀនទាំងនេះក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិក្នុងយុគសម័យថ្មី ។ ឧត្តមសេនីយត្រី សាស្ត្រាចារ្យរង លោកបណ្ឌិត Nguyen Van Sau អនុប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រនិងប្រវត្តិសាស្ត្រការពារជាតិវៀតណាម បានសង្កត់ធ្ងន់ថា៖ “បដិវត្តន៍ខែសីហា គឺជាបដិវត្តន៍ដ៏អស្ចារ្យ ជាគំរូនៃកម្លាំងនយោបាយ ស្មារតី។ ក្នុងរយៈពេល ៨ ទសវត្សរ៍កន្លងទៅ កម្លាំងនយោបាយ និងស្មារតីនៃបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ ត្រូវបានបន្តនិងពង្រីកទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង; ជាពិសេស ក្នុងការកសាងកងទ័ព ក៏ដូចជាបុព្វហេតុការពារមាតុភូមិសង្គមនិយមវៀតណាមពីអតីតកាល បច្ចុប្បន្នកាល និងអនាគត ។ មេរៀនប្រវត្តិសាស្ត្រអំពីកម្លាំងនយោបាយ និងស្មារតីនៃបដិវត្តន៍ខែសីហា បានជួយយើងជានិច្ចកាលពង្រឹង ពង្រីក និងរក្សាទំនុកចិត្ត បន្តកសាងកងទ័ពប្រជាជនវៀតណាមដែលមានលក្ខណៈបដិវត្តន៍ របៀបរៀបរយ និងស្ទាត់ជំនាញក្នុងយុគសម័យថ្មី”។
បទបង្ហាញនៅក្នុងសិក្ខាសាលាក៏បានវាយតម្លៃថា ជោគជ័យនៃបដិវត្តន៍ខែសីហាបន្តរីកសាយភាយ បំផុសឆន្ទៈ និងសេចក្តីប្រាថ្នាឈានឡើងរបស់ប្រទេសជាតិទាំងមូល ជាពិសេសយុវជនជំនាន់ក្រោយ រួមចំណែកបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកសាង និងការពារមាតុភូមិ ឆ្ពោះទៅរកគោលដៅនៃការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ រឹងមាំ ស្ទុះផ្លោះ ប្រកៀកស្មាជាមួយមហាអំណាចពិភពលោកក្នុងយុគសម័យថ្មី៕

