បទអត្ថាធិប្បាយប្រកបដោយសុទិដ្ឋិនិយម អំពីទំនាក់ទំនងកូរ៉េខាងត្បូង-វៀតណាម និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស លោក តូ ឡឹម (រូបថតអេក្រង់៖ VOV)

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដែលជាទីភ្នាក់ងារសារព័ត៌មានឈានមុខគេរបស់កូរ៉េខាងត្បូង បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “ថ្នាក់ដឹកនាំកូរ៉េខាងត្បូង-វៀតណាម ព្រមព្រៀងគ្នាខិតខំដើម្បីសម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១៥០ ពាន់ លានដុល្លារអាមេរិក”។ អត្ថបទបានលើកច្បាស់ថា ក្រោយពីជំនួបពិភាក្សា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung និងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានប្រកាសកិច្ចព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗជាច្រើន និងទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យបញ្ញាសិប្បនិមិត្ត ថាមពលកកើតឡើងវិញ ថាមពលនុយក្លេអ៊ែរ ជីវបច្ចេកវិទ្យា ផ្លូវរថភ្លើងល្បឿនលឿន។ល។

ទីភ្នាក់ងារសារព័ត៌មានដូចជា Chosun Online, Korea Daily ជាដើម បានអត្ថាធិប្បាយថា លទ្ធផលនៃកិច្ចពិភាក្សានេះគឺជាសញ្ញាសម្គាល់យ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ បង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យមានការអភិវឌ្ឍជាក់ស្តែង នាពេលខាងមុខ។ សារព័ត៌មានកូរ៉េខាងត្បូងក៏បានដកស្រង់ប្រសាសន៍របស់ប្រធានាធិបតី Lee Jae Myung បានអញ្ជើញតំណាងវៀតណាមចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងកិច្ចព្រមព្រៀងបង្កើនការសម្របសម្រួលក្នុងវេទិកាពហុភាគី ព័ត៌មានលម្អិតដែលអ្នកវិភាគនយោបាយកូរ៉េខាងត្បូងបានវាយតម្លៃថា ជាសញ្ញានៃការគោរពរបស់កូរ៉េខាងត្បូងចំពោះតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ។

រាយការណ៍អំពីដំណើរទស្សនកិច្ចនេះ ទីភ្នាក់ងារ Reuters (ចក្រភពអង់គ្លេស) និង គេហទំព័រ devdiscourse.com (ឥណ្ឌា) បានអត្ថាធិប្បាយ ថា ជំនួបរវាងថ្នាក់ដឹកនាំទាំងពីរបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូង និងវៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ។ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំវៀតណាមត្រូវបានរំពឹងថា នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសកូរ៉េខាងត្បូងវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅវៀតណាម។

ក្នុងពេលជាមួយគ្នានោះ គេហទំព័រ ainvest.com (អាមេរិក) បានចុះផ្សាយអត្ថបទមួយដែលបញ្ជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រកូរ៉េខាងត្បូង-វៀតណាម គឺជានិមិត្តសញ្ញានៃភាពធន់នឹងសេដ្ឋកិច្ច។ អត្ថបទនេះបានអះអាងថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកូរ៉េខាងត្បូង-វៀតណាម គឺជាយុទ្ធសាស្ត្រតម្រង់ទិសនាពេលអនាគត ដើម្បីកសាងច្រករបៀងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបត់បែន៕