ថ្លែងទៅកាន់សភាម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី Anwar Ibrahim បានឲ្យដឹងថា លោកបានពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ហើយមេដឹកនាំសហរដ្ឋអាមេរិក បានបញ្ជាក់ថា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ។ លើសពីនេះ លោក Anwar ក៏បានប្រកាសថា កិច្ចព្រមព្រៀងពន្ធគយរវាងម៉ាឡេស៊ី និងអាមេរិក នឹងត្រូវបានប្រកាសនៅថ្ងៃទី ១ ខែសីហា។

ប្រធានាធិបតីអាមេរិក លោក Donald Trump ។ រូបថត៖ រ៉យទ័រ

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ប្លុក និងប្រទេសជាដៃគូ ដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា។ សេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី Anwar ដែលថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងចូលរួមកិច្ចប្រជុំកំពូល បានទាក់ទាញការយកចិត្តទុកដាក់ពិសេស ព្រោះកាលពីមុននោះ មេដឹកនាំអាមេរិកបានប្រកាសមិនមានផែនការចូលរួមកិច្ចប្រជុំ G20 ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកានៅអាហ្វ្រិកខាងត្បូងនោះទេ៕