ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាន់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាលើ ដំណាក់កាលដំបូងនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងទីក្រុង Sharm El-Sheikh ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ រូបថត៖ REUTERS/Evelyn Hockstein

ប្រធានាធិបតីអាមេរិកលោក Donald Trump នៅថ្ងៃទី ១៣ ខែតុលា បានមានដំណើរទៅបំពេញទស្សនកិច្ចរយៈពេល ៤ ម៉ោងនៅអ៊ីស្រាអែល។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Trump បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu និងបានជួបជាមួយក្រុមគ្រួសារដែលមានចំណាប់ខ្មាំងទើបតែត្រូវបានចលនាអ៊ីស្លាមហាម៉ាសដោះលែង។ នៅក្នុងសុន្ទរកថានៅចំពោះមុខសភាអ៊ីស្រាអែល (Knesset) លោកប្រធានាធិបតី Trump បានបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សាគឺជា "ជ័យជំនះដ៏ធំធេងសម្រាប់អ៊ីស្រាអែលនិងពិភពលោក"; ដោយសង្កត់ធ្ងន់ថា ទោះបីជាមានការសង្ស័យជាច្រើនអំពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ប៉ុន្តែនៅទីបញ្ចប់ "យើងសម្រេចបានប្រការនោះ"។

នៅថ្ងៃដដែល ថ្លែងនៅឯកិច្ចប្រជុំកំពូល Sharm El Sheikh (អេហ្ស៊ីប) លើតំបន់ហ្គាហ្សា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសម្តងទៀតថា សង្រ្គាមនៅតំបន់ហ្គាហ្សាបានបញ្ចប់ទាំងស្រុងហើយ ឥឡូវនេះបេសកកម្មគឺការស្ថាបនាឡើងវិញ។ លោក Trump បានសរសើរកិច្ចព្រមព្រៀងបទឈប់បាញ់ដំណាក់កាលទី ១ ដែលទើបតែបានចុះហត្ថលេខានៅក្នុងសន្និសីទស្តីពីការបញ្ចប់ការប្រយុទ្ធគ្នា និងការផ្លាស់ប្តូរចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងចលនាហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយហៅថា ជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ "គ្មាននរណាម្នាក់មិនធ្លាប់គិតថាអាចកើតឡើង"។ លោកប្រធានាធិបតី Trump សង្ឃឹមថា ប្រទេសក្នុងតំបន់នឹងចូលរួមកិច្ចព្រមព្រៀង Abraham ស្តីពីការធ្វើឱ្យប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរអ៊ីស្រាអែលនិងពិភពអារ៉ាប់នាពេលខាងមុខ។

នៅក្នុងសន្និសីទនេះដែរ ប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះលោក Abdel Fattah El Sisi បានប្រកាសផែនការរៀបចំសន្និសីទអន្តរជាតិស្តីពីការកសាងឡើងវិញនូវតំបន់ហ្គាហ្សាស្ទ្រីប នៅក្នុងប្រទេសអេហ្ស៊ីបនាពេលខាងមុខ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធ និងសហគមន៍អន្តរជាតិចូលរួមនិងគាំទ្រផងដែរ៕