ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន (រូបថត៖ រដ្ឋសភា) |
ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី របស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំយកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងម៉ាឡេស៊ី ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ អះអាងថា វៀតណាមនឹងសម្របសម្រួលជាមួយម៉ាឡេស៊ី និងបណ្តាប្រទេសអាស៊ាន ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន សាមគ្គីភាព រឹងមាំនិងពង្រឹងតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់។
ក្នុងមហាសន្និបាត AIPA-៤៦ វៀតណាមនឹងចូលរួមយ៉ាងសកម្មនិងរួមវិភាគទាននូវសំណើ និងគំនិតផ្តួចផ្តើមជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាតួនាទី និងការចូលរួមចំណែកខាងការទូតរបស់សភា។ យោងតាមអនុប្រធានគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភា លោក Don Tuan Phong បានឲ្យដឹងថា នៅក្នុងវេទិកានេះ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន នឹងចូលរួមសម័យប្រជុំពេញអង្គ និងអញ្ជើញថ្លែងបទសុន្ទរកថាសំខាន់ៗ៖ “តាមគម្រោង លោកប្រធានរដ្ឋសភានឹងផ្តោតលើការលើកឡើងពីតួនាទីរបស់ សភា បណ្តាប្រទេសអាស៊ាននិយាយរួម ក្នុងការលើកកម្ពស់គោលដៅរួមមានលក្ខណៈបរិយាប័ន្ននិងនិរន្តរភាព ឆ្ពោះទៅរកចក្ខុវិស័យនៃ សហគមន៍អាស៊ានឆ្នាំ ២០៤៥។ លោកប្រធានរដ្ឋសភា នឹងលើកឡើងពីទស្សនៈរបស់វៀតណាមលើកិច្ចសហប្រតិបត្តិការក្នុងប្លុក ការងារសភាក្នុងតំបន់ និងពិភពលោក។ ទន្ទឹមនឹងនោះ នឹងមានអនុសាសន៍ពង្រឹងតួនាទីរបស់សភាក្នុងការកសាងសហគមន៍អាស៊ានក្នុងប៉ុន្មានឆ្នាំខាងមុខ និងឆ្ពោះទៅរកចក្ខុវិស័យសហគមន៍នៅឆ្នាំ២០៤៥”៕

