អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង-វៀតណាម (រូបថត៖ Thong Nhat -TTXVN) |
អញ្ជើញជូនពរលោក Ahn Gyu Back ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោកអគ្គលេខាបក្សសង្ឃឹមថា ក្នុងដំណែងថ្មីនិងក្នុងតួនាទីជាប្រធានក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង-វៀតណាម លោក Ahn Gyu Back នឹងបន្តរួមចំណែកបន្ថែមទៀតក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-កូរ៉េខាងត្បូង ឱ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយមានប្រសិទ្ធភាព។ លោក Ahn Gyu Back បានអះអាងថា រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង-វៀតណាម បានត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយដៃគូវៀតណាម ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ក្នុងយុគសម័យថ្មី; ប្តេជ្ញាសម្របសម្រួលយ៉ាងជិតស្និទ្ធ សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងសភាជាតិនៃប្រទេសទាំងពីរ ក្នុងនោះមានការជួបប្រាស្រ័យរវាងក្រុមសមាជិកសភាមិត្តភាពទាំងពីរ រួមចំណែកដល់ការអភិវឌ្ឍរួមនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-កូរ៉េខាងត្បូង។
នារសៀលថ្ងៃនេះ អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញជួបជាមួយគណៈប្រតិភូប្រមាណ ១០០ នាក់ ដែលតំណាងឱ្យឥស្សរជនកូរ៉េខាងត្បូង បញ្ញវន្ត សមាគម អង្គការប្រជាជន តំណាងធុរកិច្ចនិងអង្គការក្រៅរដ្ឋាភិបាលដែលកំពុងប្រតិបត្តិការនៅវៀតណាម។ ក្នុងឱកាសនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានធ្វើជាសាក្សីក្នុងការប្រគល់មេដាយមិត្តភាពជូនលោក Chang Ho Ick ប្រធានសមាគមកូរ៉េខាងត្បូងដែលស្រឡាញ់វៀតណាម ចំពោះការរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាមនិងកូរ៉េខាងត្បូងលើវិស័យផ្លាស់ប្តូរវប្បធម៌ អប់រំ សេដ្ឋកិច្ច និងមនុស្សធម៌៕

