ព័ត៌មានដែលលោក Kirill Dmitriev បានលើកឡើងនោះ គឺជាសេចក្តីប្រកាសជាវិជ្ជមានកាលពីថ្ងៃទី៥ ខែតុលា របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបញ្ជាក់ថា បានត្រៀមខ្លួនជាស្រេចក្នុងការរក្សាសន្ធិសញ្ញាអាវុធនុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ដូចដែលបានស្នើឡើងដោយប្រមុខវិមានក្រឹមឡាំង។ ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចាត់ទុកថា វាជាគំនិតដ៏ល្អមួយ។ យោងតាមលោកប្រធានាធិបតី Donald Trump ការពិភាក្សាអំពីការបន្តសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរនៅតែជាបញ្ហាទាន់ហេតុការណ៍សម្រាប់ប្រទេសទាំងពីរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានបន្ថែមទៀតទេ។

រុស្ស៊ី និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើសន្ធិសញ្ញា New START ក្នុងឆ្នាំ ២០១០។ សន្ធិសញ្ញាបានកំណត់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី ដោយទាមទារឱ្យបរិមាណមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក (SLBMs) និងក្បាលគ្រាប់នុយក្លេអ៊ែរ ត្រូវស្ថិតនៅក្រោមដែនកំណត់ដែលបានព្រមព្រៀងគ្នា៕