យោងតាមសេចក្តីប្រកាសរបស់សេតវិមាន អត្រាពន្ធខ្ពស់បំផុតអនុវត្តចំពោះប្រទេសស៊ីរី (៤១%) ។ ប្រទេសឡាវ និងមីយ៉ាន់ម៉ាត្រូវជាប់ពន្ធ ៤០% នៅពេលនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិក។ ចក្រភពអង់គ្លេស និងប្រេស៊ីលស្ថិតក្នុងក្រុមទាបបំផុត ដែលទទួលអត្រាពន្ធត្រឹមតែ ១០% ប៉ុណ្ណោះ។ ផ្ទុយទៅវិញ អត្រាពន្ធលើប្រទេសកាណាដាត្រូវបានដំឡើងពី ២៥% ទៅ ៣៥% ។ ប្រទេសដែលមានឱនភាពពាណិជ្ជកម្មជាមួយអាមេរិកទទួលអត្រាពន្ធរួមគឺ ១០%។ ប្រទេសដែលមានអតិរេកតិចតួចជាមួយសហរដ្ឋអាមេរិកត្រូវជាប់ពន្ធ ១៥% ។ គួរកត់សម្គាល់ថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសថៃ និងម៉ាឡេស៊ីត្រូវទទួលអត្រាពន្ធ ១៩%។ នេះក៏ជាអត្រាពន្ធដែលអាមេរិកនឹងអនុវត្តចំពោះកម្ពុជា ពោលគឺទាបជាងកម្រិត ៤៩% ដែលបានប្រកាសនៅដើមខែមេសា។ ប្រទេសដែលមិនបានចុះបញ្ជីក្នុងឧបសម្ព័ន្ធនៃក្រឹត្យនេះ ដែលមិនទាន់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នឹងទទួលអត្រាពន្ធរួមគឺ ១០%។ សម្រាប់ទំនិញឆ្លងកាត់ប្រទេសទីបីដើម្បីគេចពីពន្ធនាំចូល អាមេរិកនឹងដាក់ពន្ធ ៤០%។ អាជ្ញាធរអាមេរិកបានឲ្យដឹងថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងបង្ហើយបញ្ហាទាក់ទងនឹងប្រភពដើមនៃទំនិញ ដើម្បីកំណត់ទំនិញដែលឆ្លងកាត់ប្រទេសទីបី។ ព័ត៌មានលម្អិតនឹងត្រូវបានប្រកាសនៅប៉ុន្មានសប្តាហ៍ខាងមុខ។
ប្រធានាធិបតីអាមេរិកលោក Donald Trump ចុះហត្ថលេខាលើក្រឹត្យប្រតិបត្តិនៅសេតវិមានកាលពីថ្ងៃទី ៣១ ខែកក្កដា។ រូបថត៖ Reuters |
យោងតាមអ្នកសង្កេតការណ៍ អត្រាពន្ធដែលទើបប្រកាសថ្មីរបស់អាមេរិកភាគច្រើនគឺស្មើនឹង ឬទាបជាងអត្រាចាស់ ហើយត្រូវបានកែសម្រួលដោយភាពបត់បែនជាមួយដៃគូនីមួយៗរបស់អាមេរិក រួមទាំងប្រទេសដែលកំពុងចរចា និងមិនទាន់ឈានដល់កិច្ចព្រមព្រៀង។ ប្រការនេះបង្ហាញថារដ្ឋាភិបាលសហរដ្ឋអាមេរិកបានយល់ដឹងពីភាពលំបាក់ក្នុងការការដាក់បង្ខំការផ្លាស់ប្តូរដ៏ធំនិងភ្លាមមួយរំពិច នៅក្នុងសណ្ដាប់ធ្នាប់ពាណិជ្ជកម្មពិភពលោក។
ក្រៅពីលើអត្រាពន្ធបដិកាដែលទើបប្រកាសថ្មីនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ៣១ ខែកក្កដា ក៏បានធ្វើការសម្រេចចិត្តគួរឱ្យកត់សម្គាល់មួយទៀត គឺការពន្យាពេលការចរចារលើកិច្ចព្រមព្រៀងពន្ធបដិកា ជាមួយប្រទេសម៉ិកស៊ិករយៈពេល ៩០ថ្ងៃបន្ថែមទៀត ជំនួសឱ្យការយកពន្ធ ៣០% លើប្រទេសនេះចាប់ពីថ្ងៃទី ១ ខែសីហា។ ម៉ិកស៊ិកគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ដោយទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៤ មានតម្លៃ ៨៤០ ពាន់លានដុល្លារ ក្នុងនោះ អាមេរិកមានឱនភាពពាណិជ្ជកម្មចំនួន ១៧០ពាន់លានដុល្លារ៕

