ចូលរួមពិធីដាក់កម្រងផ្កា និងថ្លែងសុន្ទរកថា រំលឹកវិញ្ញាណក្ខន្ធ នៅទីស្នាក់ការក្រសួងការពារជាតិអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា ថ្ងៃទី១១ ខែកញ្ញា គឺជាការរំលឹកថា យើងមិនត្រូវបំភ្លេចស្មារតីសាមគ្គីភាពជាតិឡើយ។ លើសពីនេះ លោក ត្រាំ ក៏បានប្រកាសថា លោកនឹងប្រគល់មេដាយសេរីភាពជូនដល់សកម្មជននយោបាយ Charlie Kirk ដែលត្រូវបានធ្វើឃាតកាលពីថ្ងៃទី១០ ខែកញ្ញា។
នៅទីក្រុងញូវយ៉ក នៅវេលាម៉ោង ៨៖៤៦នាទីព្រឹក ថ្ងៃទី ១១ ខែកញ្ញា (ម៉ោងក្នុងតំបន់) ជាពេលដែលយន្តហោះលេខ ១១ របស់ American Airlines បានបើកបុកចូលអគារ North Tower នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ប្រជាជននិងថ្នាក់ដឹកនាំទីក្រុងបានចំណាយពេល ១នាទីស្មឹងស្មាត់។ ព្រះវិហារ និងស្ថាប័នសាសនានានាទូទាំងទីក្រុងបានបន្លឺកណ្តឹង ខណៈដែលសាច់ញាតិជនរងគ្រោះអានឈ្មោះអ្នកស្លាប់នៅ Ground Zero ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធ។
សកម្មភាពរំលឹកខួប ១១ កញ្ញា ឆ្នាំនេះបន្តបញ្ជាក់ពីសារថា "ប្រជាជនអាមេរិកមិនត្រឹមតែចងចាំពីការបាត់បង់ក្នុងអតីតកាលប៉ុណ្ណោះទេ ថែមទាំងប្តេជ្ញារក្សាស្មារតីនៃសាមគ្គីភាពនិងទំនួលខុសត្រូវសម្រាប់ជំនាន់អនាគត"៕
