អគ្គលេខាបក្ស លោក តូ ឡឹម ជួយឧបត្ថម្ភប្រជាជនក្នុងការជម្នះលើផលវិបាកនៃព្យុះលេខ ១០។ រូបថត៖ Thong Nhat/VNA

នៅក្នុងព្រឹត្តិការណ៍រៃអង្គាសថវិកា អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា បណ្តាខេត្ត ក្រុងត្រូវប្រមូលផ្តុំកម្លាំងយោធា នគរបាល យុវជន និងយានយន្ត ដើម្បីអនុវត្តការងាររុករក និងជួយសង្គ្រោះឱ្យបានទាន់ពេលវេលា; ឧបត្ថម្ភប្រជាជន ជួសជុលផ្ទះសម្បែងដែលប៉ើងដំបូល ឬខូចខាតដោយសារខ្យល់ព្យុះ និងទឹកជំនន់; រៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន ផ្គត់ផ្គង់អាហារ ទឹកស្អាត និងសម្ភារៈចាំបាច់សម្រាប់គ្រួសារដែលបាត់បង់ផ្ទះសម្បែង មិនឱ្យប្រជាជនណាម្នាក់អត់ឃ្លាន ត្រជាក់ គ្មានទីជម្រក ឬគ្មានសម្លៀកបំពាក់ឡើយ។ លោកអគ្គលេខាបក្សបានស្នើឱ្យជួសជុលជាបន្ទាន់នូវគ្រឹះស្ថានអប់រំ និងសុខាភិបាលដែលរងការខូចខាតដោយសារខ្យល់ព្យុះ និងទឹកជំនន់; ស្តារឡើងវិញនូវសកម្មភាពសំខាន់ៗក្នុងការដឹកជញ្ជូន អគ្គិសនី ទឹកស្អាត ទូរគមនាគមន៍ ការថែទាំសុខភាព និងការអប់រំ ជាពិសេសនៅតំបន់ដាច់ស្រយាល។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងបណ្តាស្ថាប័នរដ្ឋសភា បានរៀបចំការរៃអង្គាសថវិកាសម្រាប់ឧបត្ថម្ភប្រជាជនឲ្យជំនះលើផលវិបាកនៃគ្រោះធម្មជាតិ និងទឹកជំនន់។ រូបថត៖ Le Tuyet/VOV

នារសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងបណ្តាស្ថាប័នរដ្ឋសភាបានរៀបចំការរៃអង្គាសថវិកាសម្រាប់ឧបត្ថម្ភប្រជាជនឲ្យជំនះលើផលវិបាកនៃគ្រោះធម្មជាតិ និងទឹកជំនន់ ដោយបានរៃអង្គាសថវិកាចំនួន ៦០០ លានដុង (ជាង ២២,៧ ពាន់ដុល្លារអាមេរិក)។

នាព្រឹកថ្ងៃទី៣ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ រួមជាមួយបណ្តាឧបនាយករដ្ឋមន្ត្រី ខុទ្ទកាល័រដ្ឋាភិបាល និងគណៈកម្មាធិការបក្សរដ្ឋាភិបាល បានចូលរួមជួយឧបត្ថម្ភប្រជាជនដែលរងគ្រោះដោយខ្យល់ព្យុះនិងទឹកជំនន់ នូវប្រាក់បៀវត្សរ៍យ៉ាងតិច១ថ្ងៃលើមនុស្សម្នាក់ៗ។

ខ្សែផ្លូវជាតិជាច្រើនត្រូវបានកាត់ផ្តាច់មួយផ្នែក ដោយសារឥទ្ធិពលនៃព្យុះនិងទឹកជំនន់។ រូបថត៖ Ba Thang/VOV

មុននោះ កាលពីថ្ងៃទី ២ ខែតុលា នាយករដ្ឋមន្ត្រីបានចុះហត្ថលេខាលើសេចក្តីសម្រេចផ្តល់ជំនួយជាប្រាក់ចំនួន ២.៥២៤ ពាន់លានដុង (ជាង ៩៥,៦ លានដុល្លារ) ពីទុនបម្រុងថវិកាមជ្ឈិមក្នុងឆ្នាំ ២០២៥ សម្រាប់ខេត្ត ក្រុងចំនួន ១៥ ដើម្បីជំនះផលវិបាកនៃព្យុះ Bualoi និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀតចាប់ពីដើមឆ្នាំ ២០២៥មក៕

គិតត្រឹមម៉ោង ១៥ ថ្ងៃទី ២ ខែតុលា ព្យុះ Bualoi បានបណ្តាលឲ្យមនុស្ស ៤០ នាក់បានស្លាប់ ២១ នាក់កំពុងបាត់ខ្លួន និង ១៥០ នាក់រងរបួស ផ្ទះសម្បែងជាង ១៦៧.០០០ ខ្នងបានដួលរលំ ខូចខាត ប៉ើងដំបូល និងផ្ទះជាង ៥៨.៨០០ខ្នង ត្រូវបានជន់លិច សាលារៀនជាង ១.៤៣០កន្លែងរងផលប៉ះពាល់; ដំណាំស្រូវ និងដំណាំរួមផ្សំជិត៥២.៥០០ ហិកតាត្រូវជន់លិច បសុសត្វរាប់សែនក្បាលបានងាប់; វារីវប្បកម្មចំនួន ១៥.៣០២ ហិចតារងការខូចខាត; ច្រាំងទន្លេ និងឆ្នេរសមុទ្រជាច្រើនផ្នែកបានរអិលបាក់ដី។ ខ្សែផ្លូវជាច្រើនបានកក់ស្ទះយ៉ាងធ្ងន់ធ្ងរ ហើយការខូចខាតផ្សេងទៀតមិនត្រូវបានកត់ត្រាពេញលេញនៅឡើយទេ។ ការខូចខាតសេដ្ឋកិច្ចបឋមរបស់ខេត្តក្រុងនានា គឺប្រហែល ១១.០០០ ពាន់លានដុង (ជាង ៤១៦,៧ លានដុល្លារអាមេរិក)៕