លោកអគ្គលេខាបក្ស តូ ឡឹម និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer។ (រូបថត៖ VOV)

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីលទ្ធផល និងសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក លោក Le Hoai Trung បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូវៀតណាម បានចូលរួមសកម្មភាពសំខាន់ៗជាង ២០ ហើយសម្រេចបានលទ្ធផលជាច្រើនដែលមានប្រសិទ្ធភាព និងជាក់ស្តែង។

រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក លោក Le Hoai Trung។ (រូបថត៖ ក្រសួងការបរទេស)

សញ្ញាសម្គាល់ដ៏លេចធ្លោនៃដំណើរទស្សនកិច្ចលើកនេះគឺថា វៀតណាម និងចក្រភពអង់គ្លេសបានឯកភាពលើកកំពស់ទំនាក់ទំនង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូរបស់វៀតណាម។ ជាមួយនឹងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចក្រភពអង់គ្លេស ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាប្រទេសដែលមានសេដ្ឋកិច្ចធំទី ៦ លើពិភពលោក និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំនិងបណ្តុះបណ្តាលដ៏សំខាន់មួយរបស់ពិភពលោកនោះ វៀតណាមបានបន្តអនុវត្តន៍គោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍ ពហុភាគីនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនង។

យោងតាមលោករដ្ឋមន្ត្រី Le Hoai Trung ក្នុងបរិបទនៃស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញ ការដែលវៀតណាមមានក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនាំឱ្យចំនួន ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឡើងដល់ ១៤ ប្រទេស បានរួមចំណែកដល់ការពង្រឹងស្ថានភាពកិច្ចការបរទេសឲ្យកាន់តែអំណោយផលសម្រាប់ប្រទេសជាតិ និងលើកកម្ពស់ឋានៈរបស់បក្សកុម្មុយនិស្តវៀតណាមផងដែរ៕