ទិដ្ឋភាពនៃកិច្ចសន្ទនា។ រូបថត៖ VOV

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី។ ប្រធានរដ្ឋសភាវៀតណាម បានស្នើថា ដូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលជាមួយរដ្ឋសភាវៀតណាម; គាំទ្រ និងជួយឧបត្ថម្ភទីភ្នាក់ងារ និងអង្គការនានានៃប្រទេសទាំងពីរ ដោះស្រាយរាល់ការលំបាក់ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ ថាមពល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

រីឯខ្លួនវិញ ប្រធានដូម៉ាជាតិនៃសភារុស្ស៊ី លោក Vyacheslav Volodin បានអះអាងថា រូបលោកផ្ទាល់ និងដូម៉ាជាតិនៃសភារុស្ស៊ី ជានិច្ចកាលគាំទ្រការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយបានសម្តែងនូវឆន្ទៈចូលរួមជាមួយរដ្ឋសភាវៀតណាមក្នុងការគាំទ្រប្រទេសទាំងពីរបន្តពង្រីកយន្តការ និងទិសដៅសហប្រតិបត្តិការថ្មី។

សម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និងដូម៉ាជាតិនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី។ រូបថត៖ VOV

ភាគីទាំងពីរបានសម្តែងនូវការត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម វិនិយោគ រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី-អ៊ឺរុប ។ ភាគីទាំងពីរក៏បានឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ អប់រំ និងបណ្តុះបណ្តាល។

នាថ្ងៃដដែល នៅទីក្រុងហាណូយប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងប្រធានដូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Volodin បានអញ្ជើញជាសហអធិបតីនៃសម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និងដូម៉ាជាតិសហព័ន្ធរុស្ស៊ី៕