នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបសាវនាការជាមួយព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck ដែលព្រះអង្គកំពុងយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (រូបថត៖ Duong Giang/TTXVN) |
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយប៊ូតាន; ស្នើឲ្យភាគីទាំងពីរជំរុញដំណើរទស្សនកិច្ច នៅកម្រិតខ្ពស់និងគ្រប់កម្រិត; ពិចារណាបង្កើតយន្តការសហប្រតិបត្តិការទ្វេភាគី; បន្តពិនិត្យនិងជំរុញការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ ទន្ទឹមនឹងនោះ ជំរុញការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ តាមរយៈការជំរុញរាល់កិច្ចចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីសម្រួលដល់ទំនិញរបស់ប្រទេសទាំងពីរចូលទៅកាន់ទីផ្សារគ្នាទៅវិញទៅមក។
វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចេញទំនិញដែលប៊ូតានមានតម្រូវការ ហើយវៀតណាមមានប្រៀបខ្លាំងដូចជា ម្ហូបអាហារ ទំនិញប្រើប្រាស់ សម្ភារៈសំណង់ ផលិតផលអេឡិចត្រូនិកនិងគ្រឿងបន្លាស់ ព្រមទាំងនាំចូលទំនិញពីប្រទេសប៊ូតាន បំពេញតម្រូវការរបស់ប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរពិចារណាពង្រីកកិច្ចសហប្រតិ បត្តិការសន្តិសុខ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា ទេសចរណ៍ខាងវិញ្ញាណ កសិកម្មសរីរាង្គ គុណភាពខ្ពស់ ឱសថបុរាណ; ហើយឆាប់ៗនេះ នឹងបង្កើតជើងហោះហើរត្រង់ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជន។
ទិដ្ឋភាពនៃជំនួប (Dương Giang/TTXVN) |
ព្រះមហាក្សត្រប៊ូតាន Jigme បានអះអាងថា ប៊ូតានចាត់ទុកវៀតណាមជាដៃគូដ៏គួរឱ្យទុកចិត្តនិងសំខាន់ក្នុងតំបន់ ហើយប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងព្រះមហាក្សត្រ ប៊ូតានបានឯកភាពថា វៀតណាមនិងប៊ូតាន ចាំបាច់ត្រូវបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។ វៀតណាមស្វាគមន៍ ប៊ូតានបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយអាស៊ាន ក៏ដូចជាយន្តការសហប្រតិបត្តិការក្នុងតំបន់ផ្សេងទៀត។
នារសៀលថ្ងៃនេះ ថ្លែងមតិក្នុងជំនួបជាមួយព្រះមហាក្សត្រប៊ូតាន ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹនថាញ់ មិន បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្ត ភាពជាមួយប៊ូតាន ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ លោកជឿជាក់ថា នាពេលខាងមុខ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម - ប៊ូតាន នឹងត្រូវបានលើកកំពស់យ៉ាងខ្លាំងក្លាឡើងកម្ពស់ថ្មីមួយ៕


