ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son ក្នុងសម័យប្រជុំពិភាក្សាជាន់ខ្ពស់ស្តីពី “ស្ថានភាពពិភពលោក”។ រូបថត៖ VNA

ពិភាក្សាអំពីរបៀបដែលវៀតណាមសម្របខ្លួនទៅនឹងស្ថានភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលដៅរក្សាសន្តិភាព ស្ថិរភាព និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ វៀតណាមបន្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ធ្វើពិពិធកម្ម និងពហុភាគី ជាមិត្ត ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ទន្ទឹមនឹងនោះ វៀតណាមកំពុងជំរុញសេដ្ឋកិច្ចបៃតង សមាហរណកម្មស៊ីជម្រៅ ធ្វើពិពិធកម្មទីផ្សារ ទាញយកអត្ថប្រយោជន៍ពីកាលានុវត្តភាពវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដើម្បីបង្កើតជាកត្តាជំរុញកំណើនថ្មី។ វៀតណាមក៏ពង្រីកភាពជាដៃគូលើគ្រប់វិស័យ បង្កើនភាពធន់នឹងការប្រែប្រួលនៃសកលលោក វិនិយោគច្រើនលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កំណត់នូវយុទ្ធសាស្ត្រចំនួន ១១ ដើម្បីពង្រឹងស្វ័យភាពជាតិ ហើយមានបំណងក្លាយជាប្រទេសឧស្សាហកម្មទំនើបនៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការពហុភាគី គោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍៕