នាពេលកន្លងមក ខេត្តដុងថាបតែងតែយកចិត្តទុកដាក់លើកត្តា “បៃតង” ក្នុងការអភិវឌ្ឍទេសចរណ៍។ នេះក៏ជាមូលដ្ឋានស្នូលក្នុងយុទ្ធសាស្ត្រទេសចរណ៍របស់ខេត្ត ដោយផ្តោតលើគំរូកសិកម្មអេកូឡូស៊ី។ ទន្ទឹមនឹងនោះ ការអភិវឌ្ឍប្រកបដោយចីរភាព និងកសាងប្រភេទទេសចរណ៍ដែលមិនប៉ះពាល់ដល់បរិស្ថាន គោរពទេសភាពធម្មជាតិនៅតំបន់ទេសចរណ៍អេកូឡូស៊ី ដូចជា៖ ឧទ្យានជាតិ Tràm Chim, តំបន់កេរដំណែល Xeo Quyt, ភូមិផ្កា Sa Đec។ល។ លើសពីនេះ ខេត្តក៏បានជំរុញការប្រើប្រាស់យានយន្តអគ្គិសនី និងកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅតាមគោលដៅទេសចរណ៍ផងដែរ។
(រូបថត៖ VOV5)
បច្ចុប្បន្ននេះ តំបន់និងគោលដៅជាច្រើននៅក្នុងខេត្តបានបង្កើតដំណើរទេសចរណ៍អេកូឡូស៊ី ទេសចរណ៍សហគមន៍ និងទេសចរណ៍វិលជុំ ទាំងជិតស្និទ្ទិជាមួយបរិស្ថានផង និងពោរពេញទៅដោយអត្តសញ្ញាណផង។ លោក Truong Van Mai ម្ចាស់តំបន់ទេសចរណ៍អេកូឡូស៊ី Nam Huong ក្នុងឃុំ Tan Hong ខេត្តដុងថាប និងលោក Nguyen Thanh Phong អ្នកទេសចរមកពីទីក្រុងហូជីមិញ បានចែករំលែកថា៖
«តំបន់ទេសចរណ៍អេកូឡូស៊ីរបស់ខ្ញុំមានផ្ទៃដីប្រហែល ២ ហិកតា និងមានលក្ខណៈប្លែកខុសពីកន្លែងដទៃទៀត។ នៅទីនេះមានកូនឈើជាច្រើនប្រភេទ រួមមានដើមឈើហូបផ្លែចំនួន ៨០ ប្រភេទ ក្នុងនោះ មានប្រភេទដើមឈើកម្រជាច្រើន និងមានដើមឈើហូបផ្លែប្រពៃណីមួយចំនួនដែលនៅសេសសល់ក្នុងតំបន់ដីសណ្តទន្លេ Cuu Long។ ចម្ការនេះអនុវត្តតាមស្តង់ដារសរីរាង្គ។ បច្ចុប្បន្ន ចម្ការដាំផ្លែទឹកដោះរបស់យើង គឺធំជាងគេនៅវៀតណាម»។
«ខ្ញុំបានដឹងអំពីតំបន់អេកូទេសចរណ៍ Nam Huong តាមរយៈព័ត៌មានដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះជាលើកដំបូងហើយ ដែលខ្ញុំបានមកទស្សនាតំបន់អេកូទេសចរណ៍នេះ។ ខ្ញុំបានមកជាមួយក្រុមគ្រួសារ ដើម្បីឱ្យកូនៗ និងឪពុកម្តាយរបស់ខ្ញុំមកទស្សនា និងទទួលបានបទពិសោធន៍។ នៅពេលដែលខ្ញុំមកដល់តំបន់អេកូទេសចរណ៍នេះ ខ្ញុំបានរកឃើញថា ខ្យល់អាកាសបរិសុទ្ធខ្លាំងណាស់»។
(រូបថត៖ Phan Anh/VOV-ដីសណ្តទន្លេ Cuu Long)
ក្រៅពីគោលដៅអភិរក្សប្រព័ន្ធអេកូឡូស៊ី ការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងទេសចរណ៍បៃតង និងបច្ចេកវិទ្យាឌីជីថលគឺជាគន្លឹះក្នុងការបង្កើតបទពិសោធន៍ឆ្លាតវៃ។ ខេត្តដុងថាប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាច្រើន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើប។ ការប្រើប្រាស់វេទិកាឌីជីថល និងបណ្តាញសង្គមដើម្បីផ្សព្វផ្សាយរូបភាពរបស់ខេត្ត; ការធ្វើឌីជីថលូបនីយកម្មគោលដៅទេសចរណ៍ និងការអនុវត្តទេសចរណ៍តវៃ; ការអនុវត្តផែនទីឌីជីថល និងការស្វែងរកព័ត៌មានយ៉ាងឆាប់រហ័ស។ យោងតាមលោក Tran Huu Tai ម្ចាស់មូលដ្ឋានទេសចរណ៍សួនច្បារ Ngoc Lan ក្នុងសង្កាត់ Sa Dec ខេត្ត ដុងថាប បានឲ្យដឹងថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម បានក្លាយជា «ជំនួយការដ៏មានប្រសិទ្ធិភាព» ដើម្បីជួយផ្សព្វផ្សាយគោលដៅទេសចរណ៍ គាំទ្រភ្ញៀវទេសចរនិងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃទេសចរណ៍ក្នុងតំបន់៖ “កាលពីមុន គោលដៅទេសចរណ៍របស់ខ្ញុំ ក៏ដូចជាគោលដៅផ្សេងទៀតនៅ Sa Dec មិនត្រូវបានស្គាល់ដល់យ៉ាងទូលំទូលាយដូចបច្ចុប្បន្នទេ។ នាប៉ុន្មានឆ្នាំថ្មីៗនេះ ចាប់តាំងពីមានទូរស័ព្ទចល័តមក យើងបានផ្សព្វផ្សាយផលិតផលទេសចរណ៍នៅលើ TikTok, Zalo និងវេទិកាផ្សេងទៀត តាមនោះ ផ្សព្វផ្សាយដោយខ្លួនឯង ដូច្នេះហើយ ទើបផលិតផលទេសចរណ៍ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងមានម៉ាកយីហោ។ នេះគឺជាការផ្លាស់ប្តូរចាំបាច់ ដែលយើងត្រូវតែយល់ ដើម្បីសម្របខ្លួនទៅនឹងតម្រូវការដែលកំពុងផ្លាស់ប្តូរ។ យើងត្រូវតែគិតគូរដោយខ្លួនឯង និងផ្លាស់ប្តូរដោយខ្លួនឯងដើម្បីបង្កើតរបក់គំហើញក្នុងការអភិវឌ្ឍម៉ាកយីហោរបស់ខ្លួន”។
(រូបថត៖ Phan Anh/VOV-ដីសណ្តទន្លេ Cuu Long)
ក្នុងឆ្នាំ ២០២៥ ខេត្ត ដុងថាប បានស្វាគមន៍ភ្ញៀវទេសចរប្រហែល ៧,៣ លាននាក់។ លោកស្រី Nguyen Thi Uyen Trang នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តដុងថាប បានឲ្យដឹងថា ក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ ចំណុចស្នូលគឺការធ្វើឌីជីថលូបនីយកម្មទិន្នន័យ ការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ និងការអនុវត្តវេទិកាឌីជីថលក្នុងការជំរុញនិងផ្សព្វផ្សាយ។ ខេត្តកំពុងអនុវត្តបច្ចេកវិទ្យាការពិតនិម្មិត បញ្ញាសិប្បនិម្មិត (AI) និងវិបផតថលទេសចរណ៍ ដើម្បីបង្កើនបទពិសោធន៍ ឆ្ពៅទៅរកការស្វាគមន៍ភ្ញៀវទេសចរចំនួន ៨ លាននាក់នៅឆ្នាំ ២០២៦ និង ៥០ លាននាក់នៅឆ្នាំ ២០៣០។
“ក្នុងបរិបទដែលសេដ្ឋកិច្ចបៃតង ផ្សារភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្ត សម្រាប់ទេសចរណ៍ ការកំណត់ការអភិវឌ្ឍបៃតងផ្សារភ្ជាប់នឹងការផ្លាស់ប្តូរឌីជីថល គឺជាមូលដ្ឋានគ្រឹះដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ ដោយមានបំណងប្រាថ្នានវានុវត្តន៍ និងសមត្ថភាពសម្របខ្លួនទៅនឹងតម្រូវការអភិវឌ្ឍន៍ថ្មីៗ ខេត្តបានប្រមូលផ្តុំធនធាន តភ្ជាប់អាជីវកម្មទៅក្នុងខ្សែសង្វាក់តម្លៃ ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មី គម្រោងថ្មី និងសេវាកម្មថ្មី ដើម្បីកែលម្អផលិតផលតាមទិសដៅស៊ីវិល័យ សុវត្ថិភាព និងវិជ្ជាជីវៈសម្រាប់ការអភិវឌ្ឍទេសចរណ៍”។
(រូបថត៖ Phan Anh/VOV-ដីសណ្តទន្លេ Cuu Long)
ការរួមបញ្ចូលគ្នារវាង «ទេសចរណ៍បៃតង់» និង «ទេសចរណ៍ឌីជីថល» មិនត្រឹមតែជាគំនាស់ ប៉ុន្តែជាទិសដៅយុទ្ធសាស្ត្រ ដែលជួយខេត្តដុងថាបឱ្យបញ្ជាក់ពីតួនាទីរបស់ខ្លួននៅលើផែនទីទេសចរណ៍វៀតណាម។ ដោយមានប្រព័ន្ធអេកូឡូស៊ីទន្លេដ៏ពិសេសមូលដ្ឋាន ភូមិសិប្បកម្មប្រពៃណីជាព្រលឹង និងបច្ចេកវិទ្យាឌីជីថលជាស្លាប ខេត្តដុងថាបកំពុងក្លាយជាគោលដៅ «សុវត្ថិភាព - រួសរាយរាក់ទាក់ - គុណភាពខ្ពស់» ជាបណ្ដើរៗ។ ការរួមបញ្ចូលគ្នានេះ នាំមកនូវ «ខ្យល់អាកាសថ្មី» ដែលជួយអ្នកទេសចរទទួលបានបទពិសោធន៍ និងព័ត៌មានយ៉ាងងាយស្រួល ខណៈពេលដែលជួយប្រជាជនក្នុងតំបន់ បង្កើនប្រាក់ចំណូល និងថែរក្សាតម្លៃវប្បធម៌ជនជាតិដើមភាគតិចផងដែរ៕
