បច្ចុប្បន្ននេះ វៀតណាមបំពេញបានត្រឹមតែ ៧០% នៃតម្រូវការប្រេងសាំង​ក្នុងស្រុកប៉ុណ្ណោះ​។ ផ្នែក​នៅសេស​សល់គឺ​ត្រូវ​ការនាំចូល។ ក្នុងពេលនោះ ដោយសារតែការផលិតប្រេងឆៅក្នុងស្រុកធ្លាក់ចុះ វៀតណាមនៅតែត្រូវការ​នាំចូលប្រេងឆៅដើម្បីបម្រើផលិតកម្ម។ លោក Le Minh សមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសមាគមថាមពលវៀតណាម បានថ្លែងថា៖ “ពិតណាស់ថា យើងកំពុង​ពឹងផ្អែកលើបរទេស។ បច្ចុប្បន្ន ទុនបម្រុងប្រេងសាំងពាណិជ្ជកម្ម​តាមបទប្បញ្ញត្តិ សម្រាប់សហគ្រាសធំៗគឺ ២០ ថ្ងៃ និង​សហគ្រាស​ចែកចាយ​​គឺ​រយៈពេល ៥ ថ្ងៃប៉ុណ្ណោះ។ តថភាពនេះ បាន​ធ្វើឱ្យសហគ្រាសពិបាកឆ្លើយតប ចំពោះការប្រែប្រួលនៃទីផ្សារប្រេងសាំង​ពិភពលោក​។ ដូច្នេះហើយ យើងត្រូវការ​ឃ្លាំងទុក​បម្រុង​ដ៏​ចម្រុះមួយ មានន័យថា ក្រៅពីប្រេងឆៅសម្រាប់ផលិតសាំងនិងម៉ាស៊ូត យើងត្រូវរក្សាទុកផលិតផលប្រេងចម្រាញ់សម្រាប់​ចែកចាយ”​។

ការខ្វះខាតប្រភពផ្គត់ផ្គង់នាំចូលសម្រាប់រោងចក្រចម្រាញ់ប្រេងនិងគីមីឥន្ធនៈ Nghi Son និងប្រភពផ្គត់ផ្គង់ប្រេង​សាំងទាំងមូល អាចនឹងអូសបន្លាយ ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ាបន្តកើនឡើង។

ដូច្នេះហើយ ការកសាងឃ្លាំងទុកបម្រុងប្រេងនិងឧស្ម័នជាតិ គឺជាតម្រូវការបន្ទាន់ និងជាជំហានយុទ្ធសាស្ត្រ ដើម្បីបង្កើត "ទ្រនាប់សុវត្ថិភាព" សម្រាប់សេដ្ឋកិច្ចវៀតណាម។ នៅពេលដែលទីផ្សារពិភពលោក​មានការ​ប្រែប្រួល រដ្ឋអាចបញ្ចេញទុនបម្រុងដោយម្ចាស់ការ ដើម្បីរក្សាស្ថិរភាពតម្លៃ កាត់​បន្ថយផលប៉ះពាល់លើអតិផរណា និងជីវភាពរស់នៅរបស់ប្រជាជន។ នៅក្នុងកិច្ចប្រជុំ ជាមួយក្រុមការងារសន្តិសុខថាមពល និងសហគ្រាសនាពេល​ថ្មីៗនេះ លោក​ឧបនាយករដ្ឋមន្ត្រី ត្រឹន ហុងហា (អាណត្តិ ២០២១-២០២៦) បានសង្កត់ធ្ងន់ថា៖ “​យើងត្រូវតែធានាទុនបម្រុង នៅពេលដែលមានបញ្ហាកើតឡើង ជាឧទាហរណ៍ ការប្រែប្រួលនាពេល​កន្លងទៅ។ យើងអាចបង្កើតប្រព័ន្ធទុនបម្រុងដាច់ដោយឡែកទាំងស្រុង ដែលសម្របសម្រួលដោយសហគ្រាស និងរដ្ឋ”​។

នៅថ្ងៃទី២៩ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ (អាណត្តិ ២០២១-២០២៦) បានចុះត្រួតពិនិត្យ​ការដ្ឋានសាងសង់ខ្លាំងទុក​បម្រុងប្រេងឥន្ធនៈយុទ្ធសាស្ត្រនៅស្រុក Nghi Son ខេត្ត Thanh Hoa ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការសាងសង់ឃ្លាំងទុក​​បម្រុងប្រេងឥន្ធនៈយុទ្ធសាស្ត្រជាតិ ត្រូវតែអនុវត្តជាបន្ទាន់​។ ប្រការ​នេះនឹងមិនត្រឹមតែរួមចំណែកដល់ការ​សុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយសម្ពាធលើប្រព័ន្ធចែកចាយនិងបង្កើនភាពបត់បែននៃទីផ្សារ​ទៀត​ផង​។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យគោលនយោបាយនេះមានប្រសិទ្ធភាព លោកនាយករដ្ឋមន្ត្រីបានស្នើថា ទំហំនៃឃ្លាំងទុកបម្រុងត្រូវតែខិតជិត​ស្តង់ដារអន្តរជាតិ; យន្តការគ្រប់គ្រងត្រូវមានតម្លាភាព បត់បែន ដោយជៀសវាងស្ថានភាពនៃការ​ទុក​បម្រុងគ្រាន់តែរូបភាពប៉ុណ្ណោះ ប៉ុន្តែគ្មានប្រសិទ្ធភាពនៅពេលចាំបាច់​នោះ​។ ប្រការដ៏​សំខាន់បំផុត គឺធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ និងរួម​ផ្សំ​រវាង​ទុនបម្រុងរបស់រដ្ឋ ជាមួយនឹងទុនបម្រុង​ពាណិជ្ជកម្ម ដើម្បីបង្កើនប្រសិទ្ធភាពធនធាន។

ក្នុងរយៈពេលវែង ការកសាងឃ្លាំងទុកបម្រុងប្រេងឥន្ធនៈជាតិក៏ត្រូវដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រអន្តរកាលថាមពលទាំងមូល​ទៀត​ផង។ នៅពេលដែលវៀតណាម​លើកកម្ពស់ថាមពលកកើតឡើងវិញ និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល តួនាទីនៃឃ្លាំងទុកបម្រុងប្រេងឥន្ធនៈនឹងត្រូវបានកែសម្រួល ប៉ុន្តែមិនអា​ច់​បន្ថយសារៈសំខាន់របស់វា ក្នុងអំឡុងពេលអន្តរកាលនោះទេ​។ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់វៀតណាមទៅកាន់ឥន្ធនៈជីវសាស្ត្រ E10 នៅក្នុងខែមេសានេះ គឺជាសញ្ញាច្បាស់លាស់ដែលបង្ហាញថា ដំណើរការផ្លាស់ប្តូរថាមពលលែងស្ថិតនៅក្នុងដំណាក់កាល​រៀបចំផែនការទៀតហើយ ប៉ុន្តែបានចូលដល់ដំណាក់កាលអនុវត្តជាក់ស្តែង។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan បានបញ្ជាក់ថា៖ “​ការប្រើប្រាស់ឥន្ធនៈជីវសាស្ត្រ គឺជានិន្នាការចៀស​មិនរួច នៅក្នុងការផ្លាស់ប្តូរថាមពលសកល។ សម្រាប់វៀតណាម នេះមិនត្រឹមតែជាដំណោះស្រាយមួយដើម្បីរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងអនុវត្តន៍ការសន្យាអន្តរជាតិលើការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទិសដៅសំខាន់មួយដើម្បីធានាសន្តិសុខថាមពលជាតិ ធ្វើពិពិធកម្មប្រភពឥន្ធនៈ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ច​វិលជុំ​”​។

ទន្ទឹម​ជាមួយនឹងការផ្លាស់ប្តូរថាមពល ការវិនិយោគលើការសាងសង់ឃ្លាំង​ទុក​បម្រុងប្រេងសាំងជាតិ គឺជាការសម្រេចចិត្តដែលកំណត់រូបរាង​អនាគត និងដាក់គ្រឹះ​សម្រាប់ការផ្លាស់ប្តូរទៅជាប្រព័ន្ធថាមពលប្រកបដោយ​និរន្តរភាពជាង។ ការកសាង​ឃ្លាំងទុក​បម្រុងប្រេង​សាំង គឺការ​ពង្រឹងសមត្ថភាពខ្លួនទីពឹងខ្លួន និងភាពធន់នៃសេដ្ឋកិច្ច។ នៅក្នុងពិភពលោកដែលមានការប្រែប្រួលយ៉ាង​ខ្លាំង ប្រទេសដែលមានភាពម្ចាស់ការក្នុងវិស័យថាមពល នឹងមានឧត្តមភាព​កាន់តែច្រើនក្នុងការអភិវឌ្ឍប្រកបដោយស្ថិរភាព និងទាក់ទាញការវិនិយោគ៕​