ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន ១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបទាំង៣៨៥ ដែលត្រូវបានផ្ញើមកកាន់ប៉ូស្តិ៍ផ្សាយសម្លេងជាភាសាបរទេស VOV5។
ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 1ក្រុមគ្រួសាររបស់ជនរងគ្រោះដោយការរញ្ជួយដីនៅមីយ៉ាន់ម៉ាថ្លែងអំណរគុណដល់កម្លាំងជួយសង្គ្រោះរបស់វៀតណាម។ (រូបថត៖ qdnd.vn)

ប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីយើងខ្ញុំផ្សព្វផ្សាយព័ត៌មានអំពីកម្លាំងជួយសង្គ្រោះវៀតណាមត្រូវបានដាក់ពង្រាយទៅបំពេញភារកិច្ចស្វែងរក និងជួយសង្គ្រោះនៅតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ានោះ មិត្តអ្នកស្តាប់និងមិត្តអ្នកអានកម្ពុជាជាច្រើនបានផ្ញើសំបុត្រ និងយោបល់មកកម្មវិធី ដោយសម្តែងនូវការគាំទ្រចំពោះកាយវិការមនុស្សធម៌នេះ ហើយផ្ញើពាក្យជូនពរដល់កងកម្លាំងជួយសង្គ្រោះវៀតណាមផងដែរ។ មិត្តអ្នកស្តាប់ សូវ សម្បត្តិ នៅទីក្រុងភ្នំពេញ បានសម្ដែងក្នុងសំបុត្ររបស់គាត់ថា៖ “ខ្ញុំជឿថា ការជួយឧបត្ថម្ភរបស់ប្រទេសវៀតណាមមិនត្រឹមតែជាជំនួយសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃសេចក្ដីស្រឡាញ់រវាងមនុស្សនិងមនុស្ស និងចំណងសាមគ្គីភាពគ្មានព្រំដែនទៀតផង។ ខ្ញុំសូមជូនពរក្រុមជួយសង្គ្រោះវៀតណាមបំពេញភារកិច្ចដោយជោគជ័យ និងវិលត្រឡប់មកវិញដោយសុវត្ថិភាព”។ ចំណែកមិត្តអ្នកស្តាប់ សុគន្ធារិទ្ធ បានចែករំលែកថា៖ “ខ្ញុំនៅតែចងចាំថា កងកម្លាំងជួយសង្គ្រោះវៀតណាម ធ្លាប់បានចូលរួមជួយសង្គ្រោះ គ្រោះរញ្ជួយដីនៅប្រទេសទួរគី ហើយបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរ។ ខ្ញុំជឿជាក់ថា លើកនេះក៏ដូចគ្នាដែរ។ ខ្ញុំសូមជូនពរឱ្យអ្នកមានសុខភាពល្អ បំពេញភារកិច្ចប្រកបដោយជោគជ័យ"។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! បន្ទាប់ពីទទួលបានព័ត៌មានថា ការរញ្ជួយដីកម្រិត ៧,៧ រិចទ័រ កាលពីថ្ងៃទី ២៨ ខែមីនា បានបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើននៃប្រទេសមីយ៉ាន់ម៉ានោះ ប្រទេសវៀតណាមបានចាត់បញ្ជូនក្រុមជួយសង្គ្រោះដោយមានសមាជិកចំនួន ១០៦ នាក់មកពីក្រសួងការពារប្រទេស និងក្រសួងនគរបាល ដោយនាំយកតាមឆ្កែជំនាញ មធ្យោបាយ និងឧបករណ៍ជាច្រើន ដើម្បីទៅជួយប្រទេសមិត្ត។ បន្ទាប់ពីទៅដល់ប្រទេសមីយ៉ាន់ម៉ា ក្រុមជួយសង្គ្រោះវៀតណាមបានជួបពិភាក្សានិងសម្របសម្រួលយ៉ាងប្រញាប់ប្រញាល់ជាមួយភាគីមិត្ត ក្នុងការអនុវត្តផែនការស្វែងរកជនរងគ្រោះ ហើយទទួលបានលទ្ធផលជាច្រើន។ អ្នកអាចតាមដានសកម្មភាពរបស់ក្រុមជួយសង្គ្រោះវៀតណាមនៅមីយ៉ាន់ម៉ា ដែលត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងផ្នែកព័ត៌មានប្រចាំថ្ងៃរបស់យើងខ្ញុំ។ ពាក្យជូនពររបស់អ្នក ប្រាកដថា នឹងជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់កម្លាំងជួយសង្គ្រោះវៀតណាមក្នុងការអនុវត្តបេសកកម្មរបស់ពួកគេ។ លើសពីនេះ បក្ស រដ្ឋ និងប្រជាជនវៀតណាមក៏បានផ្តល់ជំនួយសង្គ្រោះបន្ទាន់តាមសំណើរបស់មីយ៉ាន់ម៉ា ហើយផ្ដល់ជំនួយជាទឹកប្រាក់ចំនួន ៣០ ម៉ឺនដុល្លារអាមេរិក ដើម្បីជួយមីយ៉ាន់ម៉ាជំនះលើផលវិបាកនៃការរញ្ជួយដីផងដែរ។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 2ប្រទេសវៀតណាមមានគោលដៅទេសចរណ៍ដ៏ល្បីល្បាញនិងទាក់ទាញជាច្រើនលើទូទាំងប្រទេស។ 

ទាក់ទិននឹងការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីវៀតណាមឆ្នាំ ២០២៥ ក្នុងសប្តាហ៍មុន ប៉ូស្តិ៍ផ្សាយសម្លេងជាភាសាបរទេស (VOV5) បន្តទទួលបានអត្ថបទប្រឡង និងមតិយោបល់ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានអំពីការប្រឡងនេះ។ ជាក់ស្ដែង កម្មវិធីផ្សាយជាភាសាឥណ្ឌូនេស៊ី និងកម្មវិធីផ្សាយជាភាសាអាល្លឺម៉ង់ ទទួលបានអត្ថបទប្រឡង ១; កម្មវិធីផ្សាយជាភាសាចិនទទួលបានអត្ថបទប្រឡងចំនួន ៤។ មិត្តអ្នកស្តាប់ Rudy Hartono មកពី Kalimantan ប្រទេសឥណ្ឌូណេស៊ី បានសរសេរថា៖ "ខ្ញុំពិតជារីករាយណាស់ដោយបានចូលរួមម្ដងទៀតក្នុងការប្រឡងឆ្នាំនេះរបស់ VOV។ វៀតណាមមានការបោះជំហានទៅមុខជាច្រើនក្នុងដំណើរការត្រៀមរៀបចំដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍។ មានការវិនិយោគជាច្រើនបានហូរចូលប្រទេស។ ទាំងអស់នោះត្រូវបានធ្វើបច្ចុប្បន្នភាពដោយ VOV។ សង្ឃឹមថា ការប្រឡងនេះនឹងទទួលបានជោគជ័យ ហើយមិត្តអ្នកស្តាប់មកពីជុំវិញពិភពលោកនឹងចូលរួម។ ខ្ញុំសង្ឃឹមថា ប្រទេសឥណ្ឌូនេស៊ីនឹងមានអ្នកចូលរួមច្រើនជាងគេ"។ ចំណែកមិត្តអ្នកស្តាប់មួយចំនួននៃកម្មវិធីផ្សាយជាភាសាឡាវបានសួរថា រង្វាន់នៃការប្រឡង គឺជាដំណើរកំសាន្តនៅវៀតណាម ដូច្នេះតើបេក្ខជនដែលឈ្នះរង្វាន់នឹងធ្វើដំណើរកំសាន្តទៅណា?

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចដែលយើងខ្ញុំបានជម្រាបជូនហើយ បេក្ខជនដែលឈ្នះពានរង្វាន់ខ្ពស់ៗក្នុងការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម ឆ្នាំ២០២៥ នឹងទទួលបានរង្វាន់គឺដំណើរកំសាន្តរយៈពេល ៥ ថ្ងៃ ៤ យប់ នៅប្រទេសវៀតណាមដោយឥតគិតថ្លៃ។ បច្ចុប្បន្ននេះ យើងខ្ញុំមិនទាន់មានព័ត៌មានជាក់លាក់អំពីទីកន្លែងនៅក្នុងដំណើរកម្សាន្តនេះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ អាចបញ្ជាក់បានថា វាសុទ្ធសឹងតែជាគោលដៅទេសចរណ៍ល្បីៗនៅក្នុងប្រទេសវៀតណាម ដូចជា៖ រដ្ឋធានីហាណូយ ទីក្រុងហូជីមិញ ទីក្រុងឆ្នេរសមុទ្រ Da Nang ទីក្រុងបុរាណ Hoi An ឬ Sapa និងខេត្ត Quang Ninh... ដែលប្រមូលផ្ដុំយ៉ាងពេញលេញនូវភាពវិសេសវិសាលបំផុតនៃទេសចរណ៍វៀតណាមទាំងខាងទេសភាព វប្បធម៌ មនុស្ស និងម្ហូបអាហារ។ លើសពីនេះ គណកម្មការរៀបចំ ក៏នឹងប្រគល់រង្វាន់ជាវត្ថុដ៏មានតម្លៃជាច្រើនទៀតដែរ។ កម្មវិធីផ្សាយជាភាសាខ្មែរទន្ទឹងរង់ចាំទទួលបានការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា។ ប្រសិនបើអ្នកមានសំណួរ ឬត្រូវការជំនួយ សូមកុំស្ទាក់ស្ទើរផ្ញើសំបុត្រមកកម្មវិធី។ ប្រាកដថា យើងខ្ញុំនឹងគាំទ្រអ្នកឱ្យអស់ពីសមត្ថភាព។ សូមអ្នកស្តាប់វិទ្យុសម្លេងវៀតណាម ចូលរួមការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីវៀតណាមឆ្នាំ ២០២៥ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ចំពោះវិទ្យុសម្លេងវៀតណាម និងប្រទេសវៀតណាម។ សូមជូនពរលោកអ្នកនាងនិងប្រិយមិត្តទាំងអស់ទទួលបានជោគជ័យក្នុងការប្រឡងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ