ការនាំចេញជលផលរបស់វៀតណាមត្រូវបានព្យាករណ៍នឹងបន្តសន្ទុះកំណើន
(VOVWORLD) - យោងតាមស្ថិតិរបស់នាយកដ្ឋានគយ (ក្រសួងហិរញ្ញវត្ថុ) កាលពីខែកុម្ភៈកន្លងទៅ ការនាំចេញជលផលរបស់វៀតណាមសម្រេចបានជាង ៦៥៥ លានដុល្លារអាមេរិក កើនឡើង ៤៤,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងរយៈពេលពីរខែដើមឆ្នាំ ២០២៥ ការនាំចេញជលផលរបស់វៀតណាមសម្រេចបាន ១,៤២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ប្រទេសចិន ជប៉ុន និងសហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញជលផលធំជាងគេទាំងបីរបស់វៀតណាម ដែលស្រូបយកជាង ៥២,៣% ។
ទន្ទឹមនឹងនេះ យោងតាមទិន្នន័យពីមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (ITC) វៀតណាមគឺជាទីផ្សារផ្គត់ផ្គង់ជលផលធំទីពីរ សម្រាប់ទីផ្សារប្រេស៊ីល ដែលស្រូបយកជាង ១៧,៣% លើបរិមាណ និងជិត ៨,៧% អំពីតម្លៃនៃការនាំចូលជលផលសរុបរបស់ប្រទេសនេះ។ គួរកត់សម្គាល់ថា តម្រូវការជលផលរបស់ប្រទេសប្រេស៊ីលនៅតែកើនឡើង ដូច្នេះជលផលវៀតណាមនឹងមានឱកាសបង្កើនការនាំចេញទៅកាន់ទីផ្សារនេះ នាពេលខាងមុខ។
យោងតាមអ្នកជំនាញ ការនាំចេញជលផលទៅកាន់ទីផ្សារសំខាន់ៗផ្សេងទៀត ក៏សម្រេចបានអត្រាកំណើនខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដូចជា៖ កូរ៉េខាងត្បូង អូស្ត្រាលី ថៃ អង់គ្លេស កាណាដា អាល្លឺម៉ង់ រុស្ស៊ី ប្រេស៊ីល...។ នាពេលខាងមុខ ការនាំចេញជលផលរបស់វៀតណាមត្រូវបានព្យាករណ៍ថា នឹងបន្តសន្ទុះកំណើនដោយសារតែតម្រូវការជលផលកើនឡើងនៅក្នុងទីផ្សារជាច្រើន៕