គ្មានការផ្លាស់ប្តូរទឹកដីរវាងរុស្ស៊ី និងអ៊ុយក្រែនឡើយ
(VOVWORLD) - លោក Dmitry Peskov បានសង្កត់ធ្ងន់ថា រុស្ស៊ីមិនដែលពិភាក្សា ហើយនឹងមិនពិភាក្សាអំពីបញ្ហាផ្លាស់ប្ដូរទឹកដីឡើយ។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែន នឹងត្រូវបានរុញច្រានចេញពីខេត្ត Kursk វិញ។
នាថ្ងៃទី១២ ខែកុម្ភៈ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ការផ្លាស់ប្ដូរទឹកដីរវាងរុស្ស៊ី និងអ៊ុយក្រែន គឺមិនអាចកើតរួចទេ។ លោក Dmitry Peskov បានប្រកាសទៅកាន់សារព័ត៌មាននៅពេលឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ទាក់ទងនឹងលទ្ធភាពនៃការពិភាក្សាអំពីការផ្លាស់ប្តូរទឹកដីនៃខេត្ត Kursk ដែលបច្ចុប្បន្នគ្រប់គ្រងដោយកងទ័ពអ៊ុយក្រែនទៅកាន់តំបន់មួយផ្សេងទៀត បើទោះបីជាប្រធានាធិបតីអ៊ុយក្រែនមិនបានបញ្ជាក់ពីតំបន់ណាមួយក៏ដោយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ រូបថត៖ រ៉យទ័រ |
លោក Dmitry Peskov បានសង្កត់ធ្ងន់ថា រុស្ស៊ីមិនដែលពិភាក្សា ហើយនឹងមិនពិភាក្សាអំពីបញ្ហាផ្លាស់ប្ដូរទឹកដីឡើយ។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែន នឹងត្រូវបានរុញច្រានចេញពីខេត្ត Kursk វិញ។
ក្នុងថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានបញ្ជាក់ថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចជួបចរចាជាមួយរុស្ស៊ី ដើម្បីបញ្ឈប់ជម្លោះនៅពេលលោកមកដល់ទីក្រុង Brussels (បែលហ្សិក) ដើម្បីចូលរួមកិច្ចប្រជុំនៃក្រុមទាក់ទងស្តីពីបញ្ហាការពារជាតិអ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov ក៍បានបន្ថែមថា សន្តិភាពយូរអង្វែងអាចសម្រេចបាននៅពេលដែលអ៊ុយក្រែន “មានកម្លាំងនៅលើសមរភូមិ”។ លោកបានឲ្យដឹងថា កិច្ចប្រជុំក្រុមទាក់ទងនឹងពិភាក្សាអំពីការបន្តការផ្គត់ផ្គង់យោធាដល់អ៊ុយក្រែននៅឆ្នាំ ២០២៥ ដោយប្រភពធនធានរបស់អឺរ៉ុប និងការអភិវឌ្ឍឧស្សាហកម្មការពារជាតិអ៊ុយក្រែន៕