ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកើនឡើងយ៉ាងខ្លាំង ​ប្រទេស​ចិនដាក់ពង្រាយការងារជួយសង្គ្រោះយ៉ាងទូលំទូលាយ

(VOVWORLD) - នៅវេលាម៉ោង ៩៖០៥នាទី ព្រឹកថ្ងៃទី ៧ ខែមករា (តាមម៉ោងក្នុងស្រុក) គ្រោះរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រ បានកើតឡើងនៅទីក្រុង Xigaze តំបន់ទីបេ ប្រទេសចិន។ បន្ទាប់ពីគ្រោះរញ្ជួយដី អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានស្នើរឲ្យស្ថាប័នពាក់ព័ន្ធ ខិតខំប្រឹងប្រែងបំពេញការងារស្វែងរក និងជួយសង្គ្រោះ ព្យាបាលអ្នករងរបួស កាត់បន្ថយចំនួនអ្នកស្លាប់ និងទប់ស្កាត់គ្រោះមហន្តរាយបន្ទាប់ រៀបចំផ្ទះសម្បែងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងអនុវត្តន៍ឲ្យបានល្អនូវការដោះស្រាយផលវិបាក។ 

លោកក៏បានស្នើឱ្យពង្រឹងការត្រួតពិនិត្យ និងការប្រកាសអាសន្នអំពីការរញ្ជួយដី បែងចែកសម្ភារៈសង្គ្រោះជាបន្ទាន់ ជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត និងរៀបចំការរស់នៅជាមូលដ្ឋានសម្រាប់ប្រជាជន ធានាឱ្យបានល្អបំផុតសម្រាប់ប្រជាជនក្នុងរដូវរងារ។

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកើនឡើងយ៉ាងខ្លាំង ​ប្រទេស​ចិនដាក់ពង្រាយការងារជួយសង្គ្រោះយ៉ាងទូលំទូលាយ - ảnh 1ក្រុមអ្នកជួយសង្គ្រោះនៅកន្លែងរញ្ជួយដីក្នុងទីក្រុង Xigaze តំបន់ស្វយ័តទីបេ ប្រទេសចិន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ រូបថត៖ THX/TTXVN

នាយករដ្ឋមន្ត្រីចិន លោក Li Qiang ក៏បានចេញសេចក្តីណែនាំដោយបញ្ជាក់ថា ចាំបាច់ត្រូវបញ្ជាក់ឱ្យបានច្បាស់អំពីស្ថានភាពគ្រោះមហន្តរាយធម្មជាតិ និងជនរងគ្រោះ ដោយខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរៀបចំការជួយសង្គ្រោះ ពង្រឹងការត្រួតពិនិត្យការរញ្ជួយដី និងកាត់បន្ថយចំនួនអ្នកស្លាប់និងរងរបួស។ តំបន់រញ្ជួយដីស្ថិតនៅលើតំបន់ខ្ពង់រាបនិងភ្នំខ្ពស់ ហើយបច្ចុប្បន្នជារដូវរងា ដូច្នេះត្រូវតែខិតខំប្រឹងប្រែងដើម្បីធានាដល់ជីវភាពរស់នៅជាមូលដ្ឋានរបស់ប្រជាជន ក៏ដូចជាធានានូវមធ្យោបាយដ៏ល្អបំផុតសម្រាប់ប្រជាជននៅក្នុងតំបន់គ្រោះមហន្តរាយទប់ទល់នឹងរដូវរងានេះ។

ប្រទេសចិនបានបង្កើតក្រុមការងារមួយដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Zhang Guoqing បានចុះទៅកន្លែងកើតហេតុ ដើម្បីណែនាំនិងជួយសង្គ្រោះដោយផ្ទាល់។ គិតត្រឹមម៉ោង ១២ និង ៣០នាទីព្រឹកថ្ងៃនេះ ការរញ្ជួយដីបានបណ្តាលឲ្យមនុស្ស ៥៣នាក់បានស្លាប់ និង ៦២នាក់ផ្សេងទៀតរងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ