ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាលើសពី ៣.៣០០នាក់

(VOVWORLD) - យោងតាមតួលេខថ្មីបំផុតដែលចេញផ្សាយដោយវិទ្យុនិងទូរទស្សន៍មីយ៉ាន់ម៉ា កាលពីយប់ថ្ងៃទី ៤ ខែមេសា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រ កាលពីចុងសប្តាហ៍មុននៅក្នុងប្រទេសនេះ មានចំនួន ៣.៣០១ នាក់ ខណៈដែលមនុស្សជិត ៤.៨០០ នាក់រងរបួស និងជាង ២២០ នាក់ទៀតកំពុងបាត់ខ្លួន។

គ្រោះរញ្ជួយដីមិនត្រឹមតែបានបំផ្លិចបំផ្លាញប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ប្រទេសជិតខាងជាច្រើនដូចជា៖ បង់ក្លាដែស ឥណ្ឌា ឡាវ ចិន និងថៃទៀតផង។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសមីយ៉ាន់ម៉ារងការខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំងបំពង់បង្ហូរប្រេងក្រោមដីនិងប្រព័ន្ធថាមពល។ រដ្ឋាភិបាលបានដាក់ពង្រាយវិធានការឆ្លើយតបជាបន្ទាន់ រួមទាំងការទទួលយកនាវាដឹកប្រេង ដើម្បីកាត់បន្ថយការខ្វះខាតប្រេងឥន្ធនៈ។

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាលើសពី ៣.៣០០នាក់ - ảnh 1ជនរងរបួសដោយសារគ្រោះរញ្ជួយដី កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Sagaing ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥។ រូបថត៖ THX/TTXVN

កងកម្លាំងជួយសង្គ្រោះអន្តរជាតិ បន្តស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែក។ សាកសពជាច្រើនត្រូវបានរកឃើញក្នុងសប្តាហ៍កន្លងទៅ ទោះបីជាកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ និងផលវិបាកនៃជម្លោះដែលអូសបន្លាយក្នុងប្រទេសមីយ៉ាន់ម៉ាក៏ដោយ។

ប្រទេសជាច្រើនបន្តបង្ហាញពីសាមគ្គីភាពជាមួយមីយ៉ាន់ម៉ា។ រដ្ឋាភិបាលអង់គ្លេសបានសន្យាផ្តល់ជំនួយបន្ថែម ៦,៥ លានដុល្លារអាមេរិក ដោយនាំជំនួយសរុបរបស់ប្រទេសនេះ ដល់មីយ៉ាន់ម៉ាឡើងដល់ ១៩,៥ លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានផ្តល់ស្បៀងអាហារដល់មនុស្ស ២៤.០០០ នាក់ ហើយត្រូវបានរំពឹងថានឹងពង្រីកជំនួយដល់មនុស្ស ៩៥០.០០០ នាក់នៅក្នុងរយៈពេល១ខែខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ