នាយករដ្ឋមន្ត្រីកាណាដា លោក​ Justin Trudeau ប្រកាសលាលែងពីតំណែង

(VOVWORLD) -  នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃទី ៦ ខែមករា (តាមម៉ោងក្នុងស្រុក) បានប្រកាសលែងពីតំណែងជាប្រមុខគណបក្សសេរីនិយម និងជានាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា នៅពេលមេដឹកនាំគណបក្សថ្មីមួយត្រូវបានជ្រើសតាំង។ 

លោកនាយករដ្ឋមន្ត្រី Justin Trudeau បានធ្វើសេចក្តីប្រកាសខាងលើក្នុងបរិបទដែលសមាជិកជាច្រើននៃគណបក្សសេរីនិយម នាពេលថ្មីៗនេះបានអំពាវនាវឱ្យលោកលាលែងពីតំណែងជាប្រធានគណបក្ស នៅពេលដែលកេរ្តិ៍ឈ្មោះរបស់គណបក្សនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ នៅក្នុងសន្និសីទសារព័ត៌មាន លោកនាយករដ្ឋមន្ត្រី Trudeau បានឲ្យដឹងថា លោកនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី រហូតដល់ថ្ងៃទី២៤ ខែមីនា ដើម្បីឲ្យគណបក្សសេរីនិយមអាចស្វែងរកមេដឹកនាំថ្មីបាន៖ "ខ្ញុំមានបំណងលាលែងពីតំណែងជាប្រមុខគណបក្សនិងតំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីគណបក្សនេះជ្រើសរើសមេដឹកនាំថ្មី តាមរយៈការបោះឆ្នោតទូទាំងប្រទេស។ កាលពីយប់មិញ ខ្ញុំបានស្នើរឲ្យប្រធានគណបក្សសេរីនិយម ចាប់ផ្តើមដំណើរការនេះ។ ប្រទេសនេះស័ក្តិសមនឹងទទួលបានជម្រើសពិតប្រាកដមួយ នៅក្នុងការបោះឆ្នោតនាពេលខាងមុខ ហើយខ្ញុំយល់ឃើញថា ប្រសិនបើខ្ញុំចូលរួម ខ្ញុំមិនអាចជាជម្រើសដ៏ល្អបំផុតនៅក្នុងការបោះឆ្នោតនោះទេ”។

នាយករដ្ឋមន្ត្រីកាណាដា លោក​ Justin Trudeau ប្រកាសលាលែងពីតំណែង - ảnh 1នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ។ រូបថត៖ Reuters

ការគាំទ្រចំពោះលោក Trudeau បានចាប់ផ្តើមធ្លាក់ចុះក្នុងឆ្នាំ ២០២៤ ក្នុងបរិបទដែលមានការអន់ចិត្តជាសាធារណៈ ចំពោះស្ថានភាពតម្លៃខ្ពស់និងកង្វះលំនៅឋាន។ យោងតាមលទ្ធផលនៃការស្ទង់មតិ ក្រុមអភិរក្សនិយមមានលទ្ធភាពទទួលបានអាសនៈជាង ៥០% ក្នុងរដ្ឋសភា ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដោយបញ្ចប់រយៈពេល ១០ ឆ្នាំកាន់អំណាច់របស់គណបក្សសេរីនិយម។ យោងតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញកាណាដា ប្រទេសនេះនឹងត្រូវរៀបចំការបោះឆ្នោតមិនឱ្យលើសពីថ្ងៃទី ២០ ខែតុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ