ប្រធានាធិបតីអាមេរិកនិងរុស្ស៊ីគ្រោងត្រៀមជំនួបតាមទូរស័ព្ទក្នុងសប្តាហ៍នេះ

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump គ្រោងនឹងជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅសប្តាហ៍នេះ។ 

ការពិភាក្សានឹងផ្តោតលើការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ព័ត៌មាននេះត្រូវបានបេសកជនពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់មជ្ឈិមបូព៌ាគឺលោក Steve Witkoff ដាក់ចេញនៅថ្ងៃទី ១៦ ខែមីនា នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក។ យោងតាមលោក Witkoff បន្ថែមពីលើការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតី Trump និងប្រធានាធិបតី Putin ភាគីអាមេរិកក៏ត្រូវបានគេរំពឹងថា នឹងបន្តទំនាក់ទំនងជាមួយអ៊ុយក្រែនផងដែរ។

មុននេះ ថ្ងៃទី ១៥ ខែមីនា ម៉ោងក្នុងស្រុក រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជូនដំណឹងដល់សមភាគីរុស្ស៊ី អំពីយុទ្ធនាការគំរាមគំហែងអាមេរិក ប្រឆាំងនឹងចលនា Houthi នៅយេម៉ែន។ រដ្ឋមន្ត្រីការបរទេស Rubio បានសង្កត់ធ្ងន់ថា អាមេរិកនឹងបន្តសកម្មភាពយោធាប្រឆាំងក្រុម Houthis ប្រសិនបើពួកគេមិនបញ្ឈប់ការវាយប្រហារលើនាវាយោធា និងនាវាពាណិជ្ជកម្មរបស់អាមេរិកនៅសមុទ្រក្រហម។ ភាគីទាំងពីរក៏បានពិភាក្សាអំពីជំហានបន្ទាប់ ក្រោយពីកិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអូឌីត និងទួរគី ហើយបានយល់ព្រមបន្តការសម្របសម្រួលឆ្ពោះទៅរកការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។

សូមរំឡឹកឡើងវិញថា ការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ីបានធ្វើឡើងក្នុងបរិបទដែលកាលពីសប្តាហ៍មុន អាមេរិក និងអ៊ុយក្រែនបានស្នើសុំបទឈប់បាញ់រយៈពេល ៣០ ថ្ងៃនៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ កាលពីចុងសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា លោក "គាំទ្រជាគោលការណ៍" សំណើនេះ ប៉ុន្តែបាននិយាយថា នៅមានកត្តាជាច្រើនដែលត្រូវពិចារណា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ