ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីប៊ុលហ្គារី
(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ វិច្ឆិកា នៅវិមានប្រធានរដ្ឋ (ហាណូយ) បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការយ៉ាងឱឡារិក លោកប្រធានរដ្ឋវៀតណាម លោក លឿង គឿងបានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev។
ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ VOV) |
នៅក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាយ៉ាងទូលំទូលាយអំពីទិសដៅសំខាន់ៗ និងវិធានការជាក់ស្តែង សំដៅបង្កើនកិច្ចសហប្រតិបត្តិការ និងលើកកំពស់ទំនាក់ទំនងនាពេលខាងមុខ។ ទាក់ទងនឹងវិស័យនយោបាយ និងការទូត ភាគីទាំងពីរបានឯកភាពបន្តបង្កើនទំនាក់ទំនង និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់លើគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជនបន្ថែមទៀត។ ទាក់ទងនឹងពាណិជ្ជកម្ម និងវិនិយោគ ប្រមុខរដ្ឋទាំងពីរបានអះអាងថា នេះជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ លោកប្រធានរដ្ឋ លឿង គឿង បានវាយតម្លៃខ្ពស់ចំពោះប៊ុលហ្គារីដែលជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ដំបូងគេដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម - EU (EVIPA); ស្នើឲ្យប៊ុលហ្គារីមានសំឡេងក្នុងការជំរុញឱ្យបណ្តាប្រទេសសហភាពអឺរ៉ុបដែលនៅសេសសល់ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA ហើយគាំទ្រគណៈកម្មការអឺរ៉ុប (EC) ដើម្បីដក "កាតលឿង" របស់ IUU លើការនាំចេញអាហារសមុទ្ររបស់វៀតណាមឱ្យបានឆាប់ៗ។
ដោយយល់ស្របនឹងប្រសាសន៍ ក៏ដូចជាសំណើរបស់លោកប្រធានរដ្ឋ លឿង គឿង ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev បានចាត់ទុកថា ជាមួយនឹងសមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើនឋានៈនយោបាយកាន់តែខ្ពស់ វៀតណាមគឺជាកត្តាសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយលោកបានអះអាងថា ប៊ុលហ្គារីចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍ និងមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយ វៀតណាមលើគ្រប់វិស័យ។
បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋលោក លឿង គឿង និងលោកប្រធានាធិ បតី Rumen Radev បានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរលើវិស័យអប់រំ សេដ្ឋកិច្ច - ពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ភាគីទាំងពីរក៏បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងការជំរុញកិច្ច សហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការ៕