មូលដ្ឋានជាច្រើនបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវ ឆ្នាំ២០២៥
(VOVWORLD) - កាលពីថ្ងៃទី ៣ ខែកុម្ភៈ ខេត្ត Quang Ninh បានបំផុសបុណ្យតេតដាំដើមឈើនៅតំបន់ព្រៃសហគមន៍នៃភូមិ Dong Dinh ឃុំ Phong Du ស្រុក Tien Yen។ មនុស្សរាប់ពាន់នាក់រួមទាំង កម្មាភិបាល យុទ្ធជនកងទ័ព និងសមាជិកសម្ព័ន្ធ យុវជនបានចូលរួមក្នុងការដាំព្រៃការពារ និងព្រៃផលិតកម្មដែលរងការបំផ្លិចបំផ្លាញដោយព្យុះទីហ្វុង យ៉ាហ្គី (ខែកញ្ញា ឆ្នាំ ២០២៤)។
ដោយឡែកនៅតំបន់ព្រៃសហគមន៍នៃភូមិ Dong Dinh ឃុំ Phong Du ស្រុក Tien Yen ដើមឈើជាង ២០០០ ដើមត្រូវបានដាំលើផ្ទៃដីជិត ២ ហិកតា។ លោក Vu Dai Thang លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh បានឲ្យដឹងថា ឆ្នាំនេះ ខេត្ត Quang Ninh មានគោលបំណងដាំដើមឈើលើផ្ទៃដីព្រៃជាង ៣១.០០០ ហិកតា ពោលគឺកើនឡើង ២,៤ ដងបើធៀបនឹងឆ្នាំមុន។
“ខេត្ត Quang Ninh បានចេញនូវគោលនយោបាយជាច្រើនដើម្បីគាំទ្រដោយផ្ទាល់ដល់ប្រជាជនក្នុងវិស័យរុក្ខាកម្ម ជាពិសេសយើងខ្ញុំបានស្រាវជ្រាវនិងស្វែងរកពូជដើមឈើព្រៃថ្មី និងដើមឈើមានអាយុវែងដើម្បីបម្រើប្រជាជន តាមរយៈបុណ្យតេតដាំដើមឈើឆ្នាំនេះ យើងសង្ឃឹមថានឹងអាចយកឈ្នះលើផលវិបាកនៃព្យុះទីហ្វុង Yagi បានយ៉ាងឆាប់រហ័ស។ ហើយសង្ឃឹមថា ដើមឈើដែលបានដាំដុះក្នុងនិទាឃរដូវនេះ នឹងរីកដុះដាលយ៉ាងល្អ ដើម្បីបង្កើតពណ៌បៃតងថ្មីសម្រាប់ខេត្ត Quang Ninh”។
លោក Vu Dai Thang លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh បានសំណេះសំណាល និងលើកទឹកចិត្តប្រជាជនស្រុក Tien Yen។ រូបថត៖ baoquangninh.vn |
នាព្រឹកថ្ងៃទី៣ កុម្ភៈ នៅទីក្រុង Son La បានប្រព្រឹត្តិទៅពិធីបំផុសបុណ្យតេតដាំដើមឈើ និទាឃរដូវ ២០២៥។ លោក Ha Nhu Hue ប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Son La បានឲ្យដឹងថា ខេត្ត Son La ខិតខំសម្រេចបាននិងលើសពីគោលដៅដាំកូនឈើចំនួន ១៤លានដើម ក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥។
នាថ្ងៃដដែល នៅប៉ុស្តិ៍ការពារព្រំដែន Sin Suoi Ho ឃុំ Sin Suoi Ho ស្រុក Phong Tho ខេត្ត Lai Chau បានប្រព្រឹត្តទៅពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ផងដែរ៕