រដ្ឋាភិបាលវៀតណាមស្នើឱ្យអាមេរិកផ្អាកការដាក់ពន្ធជាបណ្ដោះអាសន្នសម្រាប់ការចរចារ
(VOVWORLD) - នារសៀលថ្ងៃទី ៤ មេសានេះ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc និងថ្នាក់ដឹកនាំក្រសួង និងស្ថាប័ននានាបានជួបប្រជុំជាមួយសមាគមធុរកិច្ច និង ទីភ្នាក់ងារការទូត ដើម្បីពិភាក្សាអំពីដំណោះស្រាយដោះស្រាយបញ្ហាពន្ធគយ ជាមួយសហរដ្ឋ អាមេរិក។
ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានអះអាងថា វៀតណាមតែងតែសម្របសម្រួលយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិកសម្រាប់កិច្ចចរចារលើពន្ធមួយដោយស្មើភាព (រូបថត៖ VGP) |
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានអះអាងថា វៀតណាមតែងតែសម្របសម្រួលយ៉ាងសកម្មជាមួយភាគីអាមេរិក ដើម្បីចរចារពន្ធដោយស្មើភាព។ ដោយអះអាងពីសុច្ឆន្ទៈលើកិច្ចចរចាមួយដើម្បីស្វែងរកសំឡេងរួមនាពេលឆាប់ៗ ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមបានស្នើឱ្យអាមេរិកពិចារណាផ្អាកការដំឡើងពន្ធរយៈពេល ១ ដល់ ៣ ខែសម្រាប់ដំណើរការកិច្ចចរចារមួយ សំដៅធានាភាពត្រឹមត្រូវអំពីពន្ធ។ វៀតណាមក៏នឹងអនុវត្តដំណោះស្រាយដើម្បីបង្កើនការនាំចូលទំនិញដែលមានប្រភពមកពីសហរដ្ឋអាមេរិក។
ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានស្នើឱ្យសភាពាណិជ្ជកម្មអាមេរិកនៅវៀតណាម និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បញ្ជូនសារសុច្ឆន្ទៈរបស់រដ្ឋាភិបាល និងសហគមន៍ធុរកិច្ចវៀតណាមទៅកាន់រដ្ឋបាល Trump ដើម្បីឱ្យការចរចាដំណើរការប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។
ក្នុងកិច្ចប្រជុំ តំណាងសភាពាណិជ្ជកម្មអាមេរិកនៅវៀតណាម និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានបានវាយតម្លៃខ្ពស់ ចំពោះការឆ្លើយតបទាន់ពេលវេលា និងសុខដុមរមនារបស់វៀតណាមចំពោះការដំឡើងពន្ធរបស់អាមេរិក ក៏ដូចជាស្មារតីរបស់រដ្ឋាភិបាលវៀតណាមក្នុងការរួមដំណើរជាមួយអាជីវកម្មនាពេលថ្មីៗនេះ។ តំណាងសមាគម និងអង្គភាពអាជីវកម្មបានសន្យាបន្តសហការយ៉ាងសកម្មជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនាពេលខាងមុខ៕