រុស្ស៊ីនឹងឆ្លើយតបខ្លាំងចំពោះការវាយប្រហារដោយអាវុធរយៈចម្ងាយឆ្ងាយ
(VOVWORLD) - ប្រធានឌូម៉ាជាតិរុស្ស៊ី (សភាតំណាងរាស្រ្ត) លោក Vyacheslav Volodin នាថ្ងៃទី ២២ ខែវិច្ឆិកា បានព្រមានថា រុស្ស៊ីនឹងឆ្លើយតបកាន់តែខ្លាំងចំពោះការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយនៅលើដែនដីរបស់ប្រទេសខ្លួន។
យោងតាមប្រធានឌូម៉ាជាតិរុស្ស៊ី ប្រសិនបើគ្មានការចូលរួមពីអ្នកជំនាញយោធាមកពីបណ្តាប្រទេសលោកខាងលិច និងទិន្នន័យពីផ្កាយរណបរបស់អង្គការណាតូ ប្រទេសអ៊ុយក្រែនមិនអាចប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដែលផលិតដោយអាមេរិក និងអង់គ្លេស ដើម្បីវាយប្រហារលើខេត្ត Bryansk កាលពីថ្ងៃទី ១៩ខែវិច្ឆិកា និងខេត្ត Kursk នៅថ្ងៃទី ២១ ខែវិច្ឆិកានោះទេ។ លោក Volodin បានបញ្ជាក់ថា ប្រទេសនេះនឹងឆ្លើយតបកាន់តែខ្លាំងចំពោះការវាយប្រហារទាំងនេះ ហើយបានចោទប្រកាន់លោកខាងលិចថា "មានចេតនាធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងនាំឱ្យជម្លោះឡើងជណ្ដើរ"។
មីស៊ីលអន្តរទ្វីប Rs-២៦ របស់រុស្ស៊ី ។ រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី |
មុននេះ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា នៅក្នុងសុន្ទរកថាជាវីដេអូផ្ញើទៅកាន់ប្រជាជនរុស្ស៊ីទាក់ទងនឹងជម្លោះអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា កងទ័ពរុស្ស៊ីបានបើកការវាយប្រហារលើអ៊ុយក្រែនដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយមធ្យម ល្បឿនលឿនជាងសម្លេង គ្មាននុយក្លេអ៊ែរ Oreshnik សំដៅឆ្លើយតបនឹងការដែលអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយផលិតដោយអាមេរិក និងអង់គ្លេស ដើម្បីវាយប្រហារលើដែនដីរុស្ស៊ី។
នាថ្ងៃដដែលនោះ អាធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានលើកសំឡេងម្តងទៀតប្រឆាំងនឹងការបញ្ជូនមីស៊ីលអន្តរទ្វីប Taurus ទៅកាន់អ៊ុយក្រែន។ ថ្លែងនៅឯសមាជនៃគណបក្សសង្គមប្រជាធិបតេយ្យ (SPD) នៅទីក្រុងប៊ែកឡាំង អាធិការបតី Scholz បានសង្កត់ធ្ងន់ថា "យើងបានបញ្ជាក់ថា យើងមិនចង់ផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីលនាំផ្លូវ ដែលមានសមត្ថភាពវាយប្រហារលើគោលដៅជ្រៅនៅក្នុងប្រទេសរុស្ស៊ីនោះទេ ហើយយើងក៏បានបញ្ជាក់ផងដែរថា យើងនឹងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់យ៉ាងដូចច្នេះ ចំពោះឧបករណ៍ធុនធ្ងន់ដែលយើងបានផ្តល់ឱ្យនោះទេ”៕