ប្រធាន Fed៖ អត្រាពន្ធថ្មីអាចបណ្តាលឱ្យអតិផរណាកើនឡើងនិងបន្ថយល្បឿនកំណើនសេដ្ឋកិច្ចអាមេរិក
(VOVWORLD) - ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell កាលពីថ្ងៃទី ៤ ខែមេសា បានព្រមានថា អត្រាពន្ធថ្មីអាចបង្កើនអតិផរណានិងបន្ថយកំណើនសេដ្ឋកិច្ចអាមេរិក។
លោក Jerome Powell បានឲ្យដឹងថា ទំហំ និងវិសាលភាពនៃអត្រាពន្ធទៅមកដែលលោកប្រធានាធិបតី Donald Trump ទើបបានប្រកាសគឺលើសពីការរំពឹងទុកនិងបង្កើនហានិភ័យនៃអតិផរណារយៈពេលវែង។ សេចក្តីប្រកាសរបស់ប្រធាន Fed បានលើកឡើងនៅពេលដែលទីផ្សារភាគហ៊ុនរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែវិធានការពន្ធរបស់លោកប្រធានាធិបតី Donald Trump ។ ប្រធាននិងមន្ត្រី Fed ជាច្រើននាក់ផ្សេងទៀតបានព្រមានម្តងហើយម្តងទៀតថា ពន្ធនាំចូលខ្ពស់នឹងបង្កឱ្យមានការលំបាកសម្រាប់ទីភ្នាក់ងារនេះ ក្នុងការកាត់បន្ថយអត្រាការប្រាក់ ដែលត្រូវបានដំឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា។
ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell។ រូបថត៖ Reuters |
ភ្លាមមួយរំពិច លោកប្រធានាធិបតី Donald Trump បានរិះគន់ប្រធាន Fed នៅលើបណ្តាញសង្គម TruthSocial ហើយបានចោទប្រកាន់លោកពីការលេងល្បែងនយោបាយជាមួយខឿនសេដ្ឋកិច្ច។ យោងតាមលោក Trump ក្នុងរយៈពេលពីរខែដែលលោកកាន់តំណែងជាប្រធានាធិបតីអាមេរិក តម្លៃថាមពល អត្រាការប្រាក់ និងអតិផរណាសុទ្ធតែធ្លាក់ចុះ ខណៈដែលបរិមាណការងារបានកើនឡើង ហើយបច្ចុប្បន្ននេះ គឺជាពេលវេលាដ៏ល្អបំផុតដើម្បីកាត់បន្ថយអត្រាការប្រាក់៕