វៀតណាម-កៀគីស្ថានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម និងឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើន
(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ និងដំណើរការកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកៀគីស្ថាន (Kyrgyzsta) លោក Adylbek Kasymaliev ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែមីនា។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងនាយករដ្ឋមន្ត្រីកៀគីស្ថាន លោក Adylbek Kasymaliev (រូបថត៖ VOV) |
បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកៀគីស្ថានលោក Adylbek Kasymaliev។ នៅក្នុងជំនួបពិភាក្សានេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានបញ្ជាក់ពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងនៅគ្រប់កម្រិត ជាពិសេសថ្នាក់ខ្ពស់ ក៏ដូចជារវាងក្រសួង ស្ថាប័ន និងមូលដ្ឋាន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើរតួជាស្ពានសម្រាប់កៀគីស្ថាន បង្កើនកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយសង្ឃឹមថា កៀគីស្ថាននឹងលើកកំពស់តួនាទីរបស់ខ្លួន តភ្ជាប់វៀតណាមជាមួយតំបន់អាស៊ីកណ្តាល; ស្នើឲ្យកៀគីស្ថាន គាំទ្រគោលជំហររបស់វៀតណាមនិងអាស៊ានលើបញ្ហាសមុទ្រខាងកើត។ លោកនាយករដ្ឋមន្ត្រី Adylbek Kasymaliev បានអះអាងថា កៀគីស្ថានចាត់ទុកវៀតណាមជាអាទិភាពក្នុងគោលនយោ បាយការបរទេស ហើយមានបំណងចង់អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយវៀតណាម លើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំងនិងសក្តានុពល។
ទិដ្ឋភាពនៃកិច្ចពិភាក្សាគ្នា (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ និងលោកនាយករដ្ឋមន្ត្រី Adylbek Kasymaliev បានឯកភាព បើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលដូចជា កសិកម្ម ការពារជាតិ-សន្តិសុខ អប់រំ-បណ្តុះបណ្តាល វប្បធម៌-ទេសចរណ៍ មូលដ្ឋាន តភ្ជាប់ការដឹកជញ្ជូន ជាពិសេសអាកាសចរណ៍ និងផ្លូវដែក ដើម្បីបើកចេញនូវកិច្ចសហប្រតិបត្តិការថ្មី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បង្កើនការយល់ដឹងគ្នាទៅវិញទៅ មករវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាជំរុញទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ។
បន្ទាប់ពីកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីររូបបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានៈ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ; អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់រវាងក្រសួងយុត្តិធម៌វៀតណាម និងក្រសួងយុត្តិធម៌នៃប្រទេសកៀគីស្ថាន; អនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរអាកាសចរណ៍ស៊ីវិល ក្រសួងសំណង់វៀតណាមនិងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល កៀគីស្ថាន៕