វៀតណាមនឹងបន្តពិភាក្សាជាមួយសហរដ្ឋអាមេរិកដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែងលើពន្ធទៅវិញទៅមក
(VOVWORLD) - វៀតណាមមានការសោកស្តាយលើការប្រកាសរបស់សហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្ត ដំឡើងពន្ធទៅវិញទៅមកលើទំនិញនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក។
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបភាព៖ ក្រសួងការបរទេស) |
ការសម្រេចចិត្តនេះមិនសមស្របនឹងស្ថានភាពជាក់ស្តែងនៃកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ ហើយមិនឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនោះទេ។ នេះជាការបញ្ជាក់របស់លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាននាថ្ងៃទី ៤ មេសា)។
លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ វៀតណាមបានផ្លាស់ប្តូរយ៉ាងសកម្មនិងពិភាក្សាអំពីវិធានការជាក់ស្តែងជាមួយសហរដ្ឋ អាមេរិក ដើម្បីលុបបំបាត់ឧបសគ្គ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ឆ្ពោះទៅរកពាណិជ្ជកម្មដោយស្មើភាព និរន្តរភាព និងសុខដុមរមនាផលប្រយោជន៍របស់ភាគីទាំងពីរ។ វៀតណាមនឹងបន្តសម្របសម្រួល និងផ្លាស់ប្តូរជាមួយភាគីអាមេរិកក្នុងស្មារតីស្ថាបនា និង សហប្រតិបត្តិការ ដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែង រួមចំណែកដល់ការអភិវឌ្ឍស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។
មុននេះ នាថ្ងៃទី ៣ ខែមេសា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានផ្ញើកំណត់ទូតមួយដោយស្នើឱ្យភាគីអាមេរិកផ្អាកជាបណ្តោះអាសន្ននូវការសម្រេចចិត្តដាក់ពន្ធនេះ ដើម្បីមានពេលវេលាពិភាក្សា និងស្វែងរកដំណោះស្រាយសមហេតុផលសម្រាប់ភាគីទាំងពីរ។ លោក Ta Hoang Linh ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារបរទេស (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានឲ្យដឹងថា វៀតណាមនិងសហរដ្ឋអាមេរិក គឺជាប្រទេសដែលមានសេដ្ឋកិច្ចបំពេញបន្ថែម រចនាសម្ព័ន្ធពាណិជ្ជកម្មនាំចេញ និងពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសទាំងពីរមិនប្រកួតប្រជែងដោយផ្ទាល់ទេ ប៉ុន្តែបំពេញគ្នាទៅវិញទៅមក ស្របតាមតម្រូវការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ។ ទំនិញវៀតណាមដែលនាំចេញទៅអាមេរិកមិនប្រកួតប្រជែងផ្ទាល់ជាមួយអាជីវកម្មអាមេរិកក្នុងទីផ្សារអាមេរិកទេ។ ផ្ទុយទៅវិញ ទំនិញវៀតណាមដែលនាំចេញទៅអាមេរិកក៏បង្កើតលក្ខខណ្ឌសម្រាប់អតិថិជនអាមេរិកក្នុងការប្រើប្រាស់ទំនិញថោកៗ។ ពន្ធនាំចូលអនុគ្រោះជាមធ្យម (MFN) ដែលវៀតណាមអនុវត្តចំពោះទំនិញនាំចូលបច្ចុប្បន្នគឺ ៩៤% ខណៈដែលពន្ធអនុគ្រោះដែលសហរដ្ឋអាមេរិកគ្រោងនឹងអនុវត្តចំពោះទំនិញវៀតណាមមានរហូតដល់ ៤៦%។ លោក Ta Hoang Linh បានឲ្យដឹងថា៖
“យោងតាមសេចក្តីប្រកាសរបស់សេតវិមាន ពន្ធគយទាំងនេះមានគោលបំណងកែតម្រូវភាពអយុត្តិធ៌មពាណិជ្ជកម្មពិភពលោក នាំយកផលិតកម្មត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ពង្រឹងសន្តិសុខជាតិ និងជំរុញកំណើនសេដ្ឋកិច្ច។ ការដំឡើងពន្ធទាំងនេះនឹងនៅតែមានរហូតទាល់តែសហរដ្ឋអាមេរិកកំណត់ថា ការគំរាមកំហែងឱនភាពពាណិជ្ជកម្ម និងវិសមភាពពាណិជ្ជកម្មនឹងត្រូវបានដោះស្រាយ កែតម្រូវ ឬកាត់បន្ថយ។ ដូច្នេះហើយ យើងជឿជាក់ថា មានកន្លែងសម្រាប់ពិភាក្សា និងចរចាររវាងភាគីទាំងពីរ ដើម្បីសម្រេចបានលទ្ធផលជាប្រយោជន៍ទៅវិញទៅមក”៕