English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

21°C - 24°C

សម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងដំណើរការបង្កើតច្បាប់

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ កុម្ភៈ នៅវិមានរដ្ឋសភា (ហាណូយ) រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានដំណើការកិច្ចប្រជុំបិទសម័យប្រជុំវិសាមញ្ញលើកទី ៩ (ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ)។ អញ្ជើញចូលរួមសម័យប្រជុំបិទ មានអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម ប្រធានរដ្ឋ លោក លឿង គឿង, នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងគណៈប្រតិភូសមាជិកសភាមកពីខេត្ត-ក្រុងទាំង ៦៣ ទូទាំងប្រទេស។ សម័យប្រជូំនេះ ត្រូវបានផ្សាយផ្ទាល់តាមវិទ្យុ និងទូរទស្សន៍ ដើម្បីម្ចាស់ឆ្នោត និងប្រជាជនតាមដាន។

សម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងដំណើរការបង្កើតច្បាប់ - ảnh 1ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន ថ្លែងសុន្ទរកថាបិទសម័យប្រជុំវិសាមញ្ញលើកទី ៩ នៃរដ្ឋសភានីតិកាលទី១៥ (រូបថត៖ quochoi.vn)

អញ្ជើញថ្លែងមតិបិទសម័យប្រជុំ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បានអះអាងថា សម័យប្រជុំទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានបំពេញរាល់ខ្លឹមសារនៃកម្មវិធីដែលបានដាក់ចេញ។ តាមនោះ រដ្ឋសភាបានពិចារណា និងអនុម័តច្បាប់ចំនួន ៤ រួមមាន៖ ច្បាប់ស្តីពីរៀបចំរដ្ឋាភិបាល (ធ្វើវិសោធនកម្ម); ច្បាប់ស្តីពីរៀបចំអាជ្ញាធរមូលដ្ឋាន (វិសោធនកម្ម); ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការរៀបចំរដ្ឋសភា; ច្បាប់ស្តីពីការផ្សព្វផ្សាយឯកសារច្បាប់ (វិសោធនកម្ម)។ ទន្ទឹមនឹងនោះ រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការដោះស្រាយបញ្ហាមួយចំនួនទាក់ទងនឹងការរៀបចំឡើងវិញ នូវស្ថាប័នរដ្ឋ និងសេចក្តីសម្រេចចិត្តចំនួន ៤ ដើម្បីរៀបចំអង្គភាពឡើងវិញនៃរដ្ឋសភា និងរដ្ឋាភិបាលសម្រាប់រដ្ឋសភានីតិកាលទី១៥; សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើង Lao Cai – Ha Noi- Hai Phong;   សេចក្តីសម្រេចចិត្តអំពីយន្តការ និងគោលនយោបាយជាក់ស្តែងសម្រាប់ការវិនិយោគក្នុងការសាង សង់គម្រោងថាមពលនុយក្លេអ៊ែរ Ninh Thuan; សេចក្តីសម្រេចចិត្តលើការសាកល្បងគោលនយោបាយមួយចំនួន ដើម្បីដោះស្រាយការជំពាក់ជំពិនក្នុងសកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន បានអញ្ជើញលើកច្បាស់ថា៖ “នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយក្នុងដំណើរការបង្កើតច្បាប់ និងមានអត្ថន័យសំខាន់ណាស់ក្នុងការបម្រើបុព្វហេតុបដិវត្តន៍នៃការរៀបចំ និងសម្រួលប្រព័ន្ធនយោបាយឡើងវិញ ហើយដោះស្រាយការលំបាក និងឧបសគ្គភ្លាមៗទាក់ទងនឹងរបៀបរបប និងគោលនយោបាយ បង្កើតជំហានលោតផ្លោះសម្រាប់សុក្រិតមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ លើកកម្ពស់ធនធាន និងបង្កើតលំហរអភិវឌ្ឍន៍ថ្មីសម្រាប់មូលដ្ឋាន និងប្រទេសទាំងមូល។ ទន្ទឹមនឹងនោះ ការងារកម្មាភិបាលត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ស្របតាមបទ ប្បញ្ញត្តិរបស់បក្ស និងច្បាប់រដ្ឋ ទទួលបានការស្រុះចិត្តគំនិត និងឯកភាពគ្នាក្នុងចំណោមប្រតិភូរដ្ឋសភា”។

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បានកត់សម្គាល់ថា នៅមានបញ្ហាជាក់ស្តែងជាច្រើនដែលត្រូវស្រាវជ្រាវបន្ថែម និងអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ និងស្របតាមស្ថានភាពជាក់ស្តែង។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់ធានាការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋក្នុងដំណើរការដឹកនាំ ណែនាំការងារអនុវត្ត និងត្រួតពិនិត្យ បន្ទាប់ពីច្បាប់ និងសេចក្តីសម្រេចចិត្តចូលជាធរមាន។

បន្ទាប់ពីបញ្ចប់សម័យប្រជុំ រដ្ឋសភាបានធ្វើសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីលទ្ធផលនៃសម័យប្រជុំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ