សហរដ្ឋអាមេរិក៖ អ៊ុយក្រែន និងរុស្ស៊ីយល់ព្រមធានាសុវត្ថិភាពនៅសមុទ្រខ្មៅ
(VOVWORLD) - នៅថ្ងៃទី ២៥ ខែមីនា សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រទេសនេះមានកិច្ចព្រមព្រៀងដាច់ដោយឡែកជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីធានាសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខ្មៅ និងមិនធ្វើការវាយប្រហារទៅលើទីតាំងថាមពលនៅក្នុងប្រទេសទាំងពីរ។
សេចក្តីប្រកាសរបស់សេតវិមានបានឲ្យដឹងថា នៅក្នុងកិច្ចពិភាក្សាដាច់ដោយឡែកជាមួយសហរដ្ឋអាមេរិកនៅអារ៉ាប៊ីសាអូឌីត រុស្ស៊ី និងអ៊ុយក្រែនបានឯកភាព ធានាសុវត្ថិភាពដែនសមុទ្រ លុបបំបាត់ការប្រើប្រាស់កម្លាំងនិងទប់ស្កាត់ការប្រើប្រាស់នាវាពាណិជ្ជកម្មសម្រាប់គោលបំណងយោធានៅសមុទ្រខ្មៅ។ លើសពីនេះ ទីក្រុងវ៉ាស៊ីនតោន នឹងជួយស្តារសិទ្ធិជ្រៀតចូលទីផ្សារពិភពលោកសម្រាប់ការនាំចេញកសិផលនិងជីរបស់រុស្ស៊ី ហើយនឹងបន្តសម្របសម្រួលការចរចានៅភាគីទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង។
ទូករបស់ឆ្មាំការពារឆ្នេរសមុទ្រអ៊ុយក្រែនយាមល្បាតនៅសមុទ្រខ្មៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤។ រូបថត៖ Reuters/VNA |
ទន្ទឹមនឹងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា គណៈប្រតិភូរុស្ស៊ី និងសហរដ្ឋអាមេរិក បានធ្វើការពិគ្រោះយោបល់ផ្នែកបច្ចេកទេសនៅទីក្រុងរីយ៉ាដ (អារ៉ាប៊ីសាអូឌីត) ហើយបានបញ្ជូនរបាយការណ៍ទៅកាន់មេដឹកនាំនៃភាគីនីមួយៗ។ លទ្ធផលនៃការចរចានឹងមិនត្រូវបានបង្ហាញជាសាធារណៈទេ។
នៅថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដែលបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump បានទទួលការជូនដំណឹងអំពីលទ្ធផលនៃកិច្ចពិភាក្សារវាងរុស្ស៊ី និងអាមេរិក នៅទីក្រុង រីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ ការផ្តោតសំខាន់នៃការពិភាក្សាទាំងនេះគឺការធានាសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខ្មៅ៕