អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចជាផ្លូវការនៅលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាព្រឹកថ្ងៃទី ១០ ខែមីនា នៅរដ្ឋធានីហ្សាកាតា អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយនៅលេខាធិការដ្ឋានអាស៊ាន (រូបថត៖ VOV) |
បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញដាំដើមឈើអនុស្សាវរីយ៏នៅទីស្នាក់ការលេខាធិការដ្ឋាន និងប្រគល់ជូនផ្ទាំងគំនូរអនុស្សាវរីយ៍ សម្រាប់រក្សាទុកនៅអាគ៌ាតាំងពិពណ៌ប្រពៃណីនៃលេខាធិការដ្ឋានអាស៊ាន។ នេះជាស្នាដៃសិល្បៈវៀតណាមលើកទី ៧ ក្នុងចំណោមស្នាដៃសិល្បៈសរុបចំនួន ១៤២ ផ្ទាំង ដែលត្រូវបានថ្នាក់ដឹកនាំប្រទេសជាសមាជិក និងដៃគូប្រគល់ជូន។
ក្នុងជំនួបជាមួយអគ្គលេខាធិការអាស៊ាន និងគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) អគ្គលេខាបក្ស លោកតូ ឡឹមបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងរួមវិភាគទានអស់ពីសមត្ថភាពសម្រាប់ការអភិវឌ្ឍរបស់អាស៊ានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ដើម្បីគោលដៅដ៏ធំធេងរបស់អាស៊ាន។ តាមរយៈបទពិសោធន៍របស់ខ្លួន វៀតណាមនឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍរួមនៃសហគមន៍អាស៊ាន។ ដោយយល់ស្របនឹងទិសដៅសំខាន់ៗរបស់អាស៊ាន ដែលលោកអគ្គលេខាធិការ កៅ គឹមហួន បានលើកឡើង លោកអគ្គលេខាបក្សបានមានប្រសាសន៍ថា អាស៊ានចាំបាច់ត្រូវបន្តជាប្លុកសាមគ្គីភាព ឯកភាព និងអភិវឌ្ឍន៍ ព្រោះមានតែសាមគ្គីភាពប៉ុណ្ណោះ ទើបអាស៊ានអាចយកឈ្នះលើការលំបាក និងបញ្ហាប្រឈមនានាក្នុងបរិបទពិភពលោកដ៏ស្មុគស្មាញបច្ចុប្បន្ន; យ៉ាងណាមិញ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសនានាក៏ចាំបាច់ត្រូវរួមចំណែកដល់ការអភិវឌ្ឍនៃកម្លាំងរួមរបស់អាស៊ានផងដែរ។
រីឯខ្លួនវិញ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានវាយតម្លៃថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមមកកាន់លេខាធិការដ្ឋានអាស៊ាន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បង្ហាញពីជំហរសំខាន់របស់អាស៊ានក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ជាពិសេសក្នុងបរិបទដែលឆ្នាំនេះប្រារព្ធខួប ៣០ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់វៀតណាម។ លោកះអគ្គលេខាធិការអាស៊ានបានសង្កត់ធ្ងន់ថា វៀតណាមបានរួមចំណែកសំខាន់ជាច្រើនចំពោះអាស៊ាន និងសហគមន៍អាស៊ាន ហើយសង្ឃឹមថា វៀតណាមនឹងបន្តដើរតួនាទីជាអ្នកដឹកនាំក្នុងអាស៊ាន៕