អាមេរិកសង្ឃឹមថា នឹងសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់រុស្ស៊ី-អ៊ុយក្រែននៅថ្ងៃទី២០មេសា
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ២៣ ខែមីនា បានវាយតម្លៃថា កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ភាពតានតឹងកើនឡើងក្នុងជម្លោះនៅអ៊ុយក្រែន ទទួលបានលទ្ធផលដំបូង ហើយស្ថានការណ៍ត្រូវបាន "គ្រប់គ្រងមួយផ្នែក" ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោកប្រធានាធិបតី Trump បានឲ្យដឹងថា "ការពិភាក្សាបានប្រព្រឹត្តិទៅប្រកបដោយសមហេតុផល" ។ មេដឹកនាំអាមេរិកក៏បានសង្កត់ធ្ងន់ថា ការរក្សាទំនាក់ទំនងល្អជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky គឺជាគន្លឹះក្នុងការចរចាបញ្ឈប់ជម្លោះ។ ទន្ទឹមនឹងនេះ កាសែត Bloomberg បានដកស្រង់ប្រភពព័ត៌មានមួយចំនួនដោយបានឲ្យដឹងថា សហរដ្ឋអាមេរិកសង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែននឹងឈានដល់បទឈប់បាញ់យ៉ាងទូលំទូលាយក្នុងរយៈពេលពីរបីសប្តាហ៍ខាមុខ ពោលគឺថ្ងៃទី ២០ មេសា។
ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងនៅសេតវិមាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ រូបថត៖ VNA |
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បាននាថ្ងៃទី ២៣ មីនា បានឲ្យដឹងថា កិច្ចពិភាក្សារវាងមន្ត្រីអាមេរិកនិងអ៊ុយក្រែន ស្តីពីលទ្ធភាពនៃបទឈប់បាញ់មួយផ្នែករយៈពេល ៣០ ថ្ងៃក្នុងជម្លោះជាមួយរុស្ស៊ី បានចាប់ផ្តើមនាថ្ងៃដដែលនៅអារ៉ាប៊ីសាអូឌីត។ តាមការគ្រោងទុក បន្ទាប់ពីក្រោយការចរចាជាមួយអ៊ុយក្រែន គណៈប្រតិភូអាមេរិកក៏នឹងមានការចរចាជាមួយគណៈប្រតិភូរុស្ស៊ីនៅរដ្ឋធានី Riyadh នៃប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃនេះ (២៤ មីនា)៕