អ៊ីស្រាអែលចាប់ផ្តើមដកកងទ័ពចេញពីប្រទេសលីបង់
(VOVWORLD) - ប្រភពព័ត៌មានសន្តិសុខនៃប្រទេសលីបង់បានរាយការណ៍ថា នាថ្ងៃទី ១៧ ខែកុម្ភៈ កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមដកខ្លួនចេញពីភូមិឃុំមួយចំនយន នៅភាគខាងត្បូងប្រទេសលីបង់ ហើយកងទ័ពលីបង់ភ្លាមមួយរំពិច បានដាក់ពង្រាយកងកម្លាំងជំនួស។ សកម្មភាពនេះត្រូវបានកត់ត្រាតែប៉ុន្មានម៉ោងមុនពេលបទឈប់បាញ់ក្នុងប្រទេសលីបង់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាបានផុតថ្ងៃកំណត់នៅថ្ងៃទី ១៨ ខែកុម្ភៈ។
ទាក់ទងនឹងការអនុវត្តដំណាក់កាលទី ១ អូសបន្លាយរយៈពេល ៦ សប្តាហ៍ នៃកិច្ចព្រមព្រៀងឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាសែត Jerusalem Post កាលពីយប់ថ្ងៃទី១៧ កុម្ភៈបានរាយការណ៍ថា ក្រុមហាម៉ាស់កំពុងត្រៀមរៀបចំប្រគល់សាកសពចំណាប់ខ្មាំង ៤ នាក់នៅថ្ងៃទី ២០ ខែកុម្ភៈ ហើយដោះលែងចំណាប់ខ្មាំងយ៉ាងហោចណាស់ ៣ នាក់ទៀតនៅថ្ងៃទី ២២ កុមភៈ។ មុននោះ ក្នុងការដោះដូរចំណាប់ខ្មាំងចំនួន៦លើក ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលសរុប១៧នាក់ដែលនៅរស់ ខណៈដែឡអ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនជាង១០០០នាក់។ ការផ្លាស់ប្តូរចំណាប់ខ្មាំងចុងក្រោយនៃដំណាក់កាលទី ១ គ្រោងនឹងប្រព្រឹត្តិទៅនៅចុងសប្តាហ៍ខាងមុខ នៅពេលដែលដំណាក់កាលទី ១ នៃបទឈប់បាញ់បានបញ្ចប់។
ទាហានអ៊ីស្រាអែលដើរល្បាតតាមព្រំដែនអ៊ីស្រាអែល-លីបង់។ រូបថត៖ THX/TTXVN |
នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយទៀត អ្នកការទូតមួយចំនួនបានឲ្យដឹងថា កិច្ចប្រជុំកំពូលអារ៉ាប់ស្តីពីតំបន់ហ្គាហ្សាដែលគ្រោងនឹងប្រព្រឹត្តិទៅថ្ងៃទី ២០ ខែកុម្ភៈនៅប្រទេសអារ៉ាប៊ីសាអូឌីត នឹងត្រូវពន្យារពេលមួយថ្ងៃ ហើយទំហំនៃប្រទេសដែលចូលរួមនឹងត្រូវបានពង្រីក។ ក្រៅពីប្រទេសអារ៉ាប់ទាំងបីដែលចូលរួម កិច្ចប្រជុំកំពូលនេះនឹងត្រូវបានពង្រីកដោយរួមបញ្ចូលមេដឹកនាំនៃប្រទេសទាំង ៦នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ផែនការរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការទទួលគ្រប់គ្រងតំបន់ហ្គាហ្សា និងជំលៀសប្រជាជនប៉ាឡេស្ទីនចេញពីតំបន់នេះ៕