បញ្ហាប្រឈមជុំវិញកិច្ចព្រមព្រៀងឈប់បាញ់លើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី-អ៊ុយក្រែន

(VOVWORLD) - កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៣០ ថ្ងៃសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី និងអ៊ុយក្រែន ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump និងទទួលបានការគាំទ្រដោយរុស្ស៊ី និងអ៊ុយក្រែន គឺជាសញ្ញាវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះមិនបានបញ្ចុះបញ្ចូលទាំងស្រុងឱ្យភាគីនានាមានសុទិដ្ឋិនិយមចំពោះការបញ្ឈប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ក្នុងដំណាក់កាលដំបូងនោះទេ។

កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៣០ ថ្ងៃសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលដែលសម្រេចបានក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ១៨ ខែមីនា រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ នេះជាកិច្ចសន្ទនាតាមទូរសព្ទជាផ្លូវការលើកទី២ រវាងមេដឹកនាំអាមេរិក និងរុស្ស៊ី ចាប់តាំងពីលោក Donald Trump វិលត្រឡប់ទៅសេតវិមានឡើងវិញ កាលពីដើមឆ្នាំនេះ។

បញ្ហាប្រឈមជុំវិញកិច្ចព្រមព្រៀងឈប់បាញ់លើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី-អ៊ុយក្រែន - ảnh 1រូបភាព៖ Trần Hiếu/TTXVN

សញ្ញាវិជ្ជមាន ប៉ុន្តែមិនគ្រប់គ្រាន់

យោងតាមកិច្ចព្រមព្រៀងដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលមានការគាំទ្រដោយរុស្ស៊ី ហើយអ៊ុយក្រែនបានយល់ព្រមជាគោលការណ៍ ប្រទេសរុស្ស៊ី និងអ៊ុយក្រែននឹងផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពយោធាប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមក ក្នុងរយៈពេល ៣០ថ្ងៃ។ យោងតាមលោក Donald Trump កិច្ចព្រមព្រៀងនេះអាចបើកផ្លូវសម្រាប់ការចរចាដើម្បីឈានដល់បទឈប់បាញ់ដ៏ទូលំទូលាយជាងនេះ ឬសូម្បីតែកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។ នេះជាលើកទីមួយហើយ ក្នុងរយៈពេលជាង៣ឆ្នាំ ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងស្រដៀងគ្នា ទោះបីជាស្ថិតក្នុងទ្រង់ទ្រាយមានកំណត់ និងក្នុងរយៈពេលខ្លីក៏ដោយ។

សំណើបទឈប់បាញ់មួយផ្នែកនេះ កំពុងបង្កឲ្យមានប្រតិកម្មចម្រុះ។ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ប្រធានាធិបតីបារាំង លោក Emmanuel Macron នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer... សុទ្ធតែវាយតម្លៃថា នេះជាជំហានដំបូងដ៏គួរឲ្យលើកទឹកចិត្ត សំដៅឆ្ពោះទៅរកកិច្ចព្រមព្រៀងកាន់តែទូលំទូលាយជាង។ ទោះជាយ៉ាងណាក៏ដោយ អ្នកនយោបាយអឺរ៉ុបមួយចំនួន បានសម្តែងការមន្ទិលសង្ស័យចំពោះផលប៉ះពាល់ពិតប្រាកដនៃសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ លើហេដ្ឋារចនាសម្ព័ន្ធថាមពលនៃប្រទេសទាំងពីរ ដោយចាត់ទុកថា កិច្ចព្រមព្រៀងនឹងមិនបង្កើតចំណុចរបត់សម្រាប់ជម្លោះនោះទេ។

មជ្ឈដ្ឋានអ្នកជំនាញក៏មានមតិខុសគ្នាជាច្រើន។ លោក Mark Cancian អ្នកវិភាគនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) បានឲ្យដឹងថា សំណើបទឈប់បាញ់គឺជាសញ្ញាវិជ្ជមាន ប៉ុន្តែមិនគ្រប់គ្រាន់ទេ ព្រោះមានការរំពឹងទុកកាន់តែច្រើនសម្រាប់លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៊ី។ ទន្ទឹមនឹងនេះ លោក Nigel Gould-Davies អ្នកជំនាញសិក្សាប្រទេសរុស្ស៊ីនិងបណ្តាប្រទេសអាស៊ី-អ៊ឺរុប នៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) បានឲ្យដឹងថា៖

“តាមពិតទៅ បច្ចុប្បន្ននេះ យើងកំពុងធ្វើជាសាក្សីនៃការប្រកួតប្រជែង សូម្បីតែការប្រកួតប្រជែងរវាងទីក្រុងគៀវ និងទីក្រុងម៉ូស្គូ ក្នុងការបញ្ចុះបញ្ចូលលោក Donald Trump ថា ភាគីម្ខាងទៀតត្រូវទទួលខុសក្នុងការរារាំងលោកសម្រេចបានគោលដៅរបស់ខ្លួន” ។

ម៉្យាងវិញទៀត សំណើបទឈប់បាញ់ក៏មានចំណុចវិជ្ជមានសម្រាប់អ៊ុយក្រែននិងអឺរ៉ុប ដែលធ្លាប់តែមានការព្រួយបារម្ភពីការចូលរួមក្នុងដំណើរការចរចាសន្តិភាព ដែលលោក Donald Trump បានផ្តួចផ្តើមគំនិត។ យោងតាមលោក Jonathan Eyal អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាការពារជាតិនិងសន្តិសុខ RUSI (អង់គ្លេស) មុនពេលការសន្ទនាតាមទូរស័ព្ទរវាងលោក Trump និងលោក Putin នៅថ្ងៃទី ១៨ ខែមីនា អ៊ុយក្រែននិងអឺរ៉ុបមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសេណារីយ៉ូដែលលោក Donald Trump ធ្វើសម្បទានច្រើនពេកដល់រុស្ស៊ី ដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់យ៉ាងទូលំទូលាយ ដោយមិនគិតពីផលប៉ះពាល់ដល់អត្ថប្រយោជន៍របស់អ៊ុយក្រែន និងអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ ក្តីកង្វល់នេះមិនទាន់កើតមាននៅឡើយទេ។

        កែលម្អទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក

នៅពេលដែលលក្ខខណ្ឌលម្អិតនៃកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតែត្រូវការចរចាលម្អិតតាមរយៈកិច្ចប្រជុំដោយផ្ទាល់នោះ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានវាយតម្លៃថាទាំងរុស្ស៊ី និងអ៊ុយក្រែនកំពុងកែលម្អទំនាក់ទំនងជាមួយអាមេរិក។ សម្រាប់ខាងភាគីរុស្ស៊ី សេចក្តីប្រកាសរបស់វិមានក្រឹមឡាំង បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាង លោក Donald Trump និងលោក Vladimir Putin បានលើកឡើងពីសក្តានុពលដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនាពេលអនាគត។ យោងតាមបេសកជនពិសេសរបស់រុស្ស៊ី ទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិនិងការវិនិយោគ លោក Kirill Dmitriev រុស្ស៊ី និងអាមេរិកបានចាប់ផ្តើមទំនាក់ទំនងជាប្រចាំ ដើម្បីតភ្ជាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយសហគ្រាសអាមេរិកជាច្រើនក៏មានបំណង់ចង់វិលត្រឡប់ចូលទីផ្សាររុស្ស៊ីវិញផងដែរ។

ចំណែកឯភាគីអ៊ុយក្រែនវិញ លោកប្រធានាធិបតី Volodymyr Zelensky បានបញ្ជាក់ថា លោកបានជួបសន្ទនាតាមទូរស័ព្ទដោយស្មោះត្រង់ និងជោគជ័យជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ១៩ ខែមីនា មិនត្រឹមតែអំពីកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៣០ ថ្ងៃលើហេដ្ឋារចនាសម្ព័ន្ធថាមពលប៉ុណ្ណោះទេ ថែមទាំងអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ។ កាយវិការទាំងនេះក៏ជួយពង្រឹងទស្សនៈថា ទំនាក់ទំនងរវាងអាមេរិក និងអ៊ុយក្រែនកំពុងមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់បន្ទាប់ពីកិច្ចប្រជុំដ៏តានតឹងរវាងប្រធានាធិបតីអ៊ុយក្រែន និងប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី ២៨ ខែកុម្ភៈនៅសេតវិមាន។ លេខាធិការសារព័ត៌មាននៃសេតវិមាន លោកស្រី Karoline Leavitt សង្កត់ធ្ងន់ថា៖

“បច្ចុប្បន្ននេះ យើងកំពុងផ្តោតលើកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង ដែលមិនត្រូវបានពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំរវាងលោកប្រធានាធិបតី Zelensky និងលោកប្រធានាធិបតី Donald Trump នោះទេ។ យើងបានសម្រេចលើសពីក្របខណ្ឌនៃកិច្ចព្រមព្រៀងរ៉ែកាលពីមុន ដើម្បីស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់យូរអង្វែង”។

យោងតាមក្រុមអ្នកសង្កេតការណ៍ បន្ទាប់ពីការផ្អាក់បណ្តោះអាសន្នកិច្ចព្រមព្រៀងរ៉ែ សហរដ្ឋអាមេរិកកំពុងលើកសំណើរថ្មីដ៏គួរឱ្យកត់សម្គាល់ទាក់ទងនឹងភាពជាម្ចាស់កម្មសិទ្ធិនៃរោងចក្រថាមពលអ៊ុយក្រែន រួមទាំងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ប្រសិនបើសំណើនេះក្លាយជាការពិត វាអាចជាកត្តាដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ