សុក្រិតក្របខណ្ឌគតិយុត្តិសម្រាប់ការចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ

(VOVWORLD) - ប្រទេសវៀតណាមកំពុងធ្វើការសុក្រិតចក្តីព្រាងច្បាប់ស្តីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ នេះគឺជាឯកសារច្បាប់ដំបូងដែលកែសម្រួលការចូលរួមរបស់វៀតណាមក្នុងអង្គការនេះ បង្កើតច្រករបៀងគតិយុត្តិពេញលេញ រឹងមាំ យូរអង្វែង និងស្ថិរភាពសម្រាប់ការដាក់ពង្រាយកងកម្លាំងចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរបស់វៀតណាមក្នុងបរិបទថ្មី។

សុក្រិតក្របខណ្ឌគតិយុត្តិសម្រាប់ការចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ - ảnh 1វៀតណាមកំពុងធ្វើការសុក្រិតសេចក្ដីព្រាងច្បាប់ស្ដីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ (រូបថត៖ chinhphu.vn)

ដោយមានជំពូកចំនួន៥ ជាមួយនឹងមាត្រាចំនួន ២៩ សេចក្តីព្រាងច្បាប់នេះបានកំណត់យ៉ាងលម្អិតអំពីការដាក់ពង្រាយកងកម្លាំងវៀតណាមដើម្បីចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមទាំងរបប គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាព។ ការកសាង ច្បាប់ធានានូវធម្មនុញ្ញភាព ភាពស្របច្បាប់ និងភាពស៊ីសង្វាក់គ្នាជាមួយនឹងប្រព័ន្ធច្បាប់វៀតណាមផងដែរ។

ធ្វើស្ថាប័នភាវូបនីយកម្មនូវគោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាម

ចាប់តាំងពីឆ្នាំ ១៩៩៦ មក វៀតណាមបានរួមចំណែកកាតព្វកិច្ចហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយបានរៀបចំដំណើរពិនិត្យជាច្រើនទៅកាន់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជានៅទីស្នាក់ការអង្គការសហប្រជាជាតិផងដែរ។ ចាប់តាំងពីឆ្នាំ ២០១៤ មក វៀតណាមបានចាប់ផ្តើមបញ្ជូននាយទាហានដំបូងរបស់ខ្លួន ហើយគិតត្រឹមពេលនេះ មាននាយទាហាន និងពលទាហានអាជីពចំនួន ១១០០ នាក់ បានទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបេសកកម្ម UNMISS (ស៊ូដង់ខាងត្បូង) បេសកកម្ម MINUSCA (សាធារណរដ្ឋអាហ្វ្រិកកណ្តាល) បេសកកម្ម UNISFA (តំបន់ Abyei) បេសកកម្ម EUTM RCA (បេសកកម្មបណ្តុះបណ្តាលរបស់សហភាពអឺរ៉ុបប្រចាំនៅអាហ្វ្រិកកណ្តាល)។

ទោះជាយ៉ាងណាក៏ដោយ ក្រៅពីលទ្ធផលដែលសម្រេចបាននោះ ដំណើរការអនុវត្តន៍ភារកិច្ចចូលរួមកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិក្នុងសម័យកាលថ្មីរបស់វៀតណាម ត្រូវការយន្តការ គោលនយោបាយ និងច្រករបៀងផ្លូវច្បាប់ដ៏រឹងមាំគ្រប់គ្រាន់ដើម្បីជួយវៀតណាមចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពថែមទៀតក្នុងការអនុវត្តភារកិច្ចអន្តរជាតិនេះ។ ក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ នៃគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេស របស់រដ្ឋសភា ឧត្តមសេនីយ៍ទោ Le Tan Toi ប្រធានគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេស របស់រដ្ឋសភា បានអះអាងថា ការកសាងនិងចេញផ្សាយច្បាប់ស្តីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាការចាំបាច់៖

“ដើម្បីបន្តធ្វើស្ថាប័នភាវូបនីយកម្មយ៉ាងពេញលេញនូវគោលមាគ៌ា និងបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ការសន្យាអន្តរជាតិស្តីពីការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជំនះលើភាពខ្វះខាតនៃបទប្បញ្ញត្តិបច្ចុប្បន្ន លើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ដឹកនាំ និងអនុវត្តភារកិច្ចនោះ ការកសាងនិងចេញផ្សាយច្បាប់ស្តីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាការចាំបាច់ ដែលបង្កើតច្រករបៀងផ្លូវច្បាប់យ៉ាងពេញលេញ រឹងមាំ យូរអង្វែង និងស្ថិរភាពសម្រាប់ការដាក់ពង្រាយកងកម្លាំងចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ នេះគឺជាច្បាប់ដែលមានលក្ខណៈឯកទេសខ្ពស់”។

ជាមួយនឹងសេចក្តីព្រាងច្បាប់ស្តីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ វិសាលភាពនៃការអនុវត្តត្រូវបានពង្រីក មិនត្រឹមតែនាយទាហាន ពលទាហានអាជីព កម្មករ និងនិយោជិតការពារជាតិប៉ុណ្ណោះទេ ថែមទាំងកម្មាភិបាល មន្ត្រីរដ្ឋការ និងនិយោជិតរដ្ឋ ក៏អាចចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។ លើសពីនេះ សេចក្តីព្រាងច្បាប់នេះ ក៏រួមបញ្ចូលនូវបញ្ហាសមភាពយេនឌ័រ បំពេញបន្ថែមបទប្បញ្ញត្តិស្តីពីរបប និងគោលនយោបាយដោយមានអាទិភាពនិងការលើកទឹកចិត្តខ្ពស់ សម្រាប់ស្ត្រីដែលចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តាមនោះបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីគោលនយោបាយរបស់វៀតណាមស្តីពីសមភាពយេនឌ័រ។

បន្តអះអាងការសន្យាអន្តរជាតិរបស់វៀតណាម

ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ វៀតណាមបានសកម្មនិងម្ចាស់ការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ក្នុងដំណើរជាង ១០ ឆ្នាំនៃការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ វៀតណាមបានរួមចំណែកអនុវត្តន៍បេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកឧត្តមសេនីយ៍ត្រី Pham Manh Thang ប្រធានស្នងការរក្សាសន្តិភាពនៅវៀតណាមបានអះអាងថា៖

“សញ្ញាសម្គាល់ដ៏សំខាន់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងមកគឺថា គ្រប់ទីកន្លែងដែលយើងទៅ យើងសុទ្ធតែបន្សល់ទុកចំណាប់អារម្មណ៍ដ៏ល្អប្រសើរ ពង្រឹងទំនាក់ទំនងជាមួយប្រជាជននៅមូលដ្ឋាន ហើយបង្ហាញពីជំនាញ និងវិជ្ជាជីវៈខ្ពស់។ កងកម្លាំងរក្សាសន្តិភាពរបស់វៀតណាមមិនត្រឹមតែផ្សព្វផ្សាយរូបភាពនៃកងទ័ពលោកអ៊ុំហូប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយរូបភាពយុទ្ធជន “មួកខៀវ” ដល់ប្រជាជននៅមូលដ្ឋានទៀតផង”។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ធ្លាប់បានអះអាងថា ការរក្សាសន្តិភាពគឺជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូរវាង អង្គការសហប្រជាជាតិ និងវៀតណាម ព្រមទាំងបានសង្កត់ធ្ងន់លើការរួមចំណែកដ៏លេចធ្លោរបស់បណ្ដាអង្គភាព និងបុគ្គលរបស់វៀតណាមដែលចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព៖

“វៀតណាមគឺជាដៃគូសំខាន់ជានិច្ចរបស់អង្គការសហប្រជាជាតិ។ វៀតណាមបានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប ក្នុងតួនាទីជាក្បាលម៉ាស៊ីននាំមុខ។ វៀតណាមបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រសន្តិភាពប្រកបដោយនិរន្តរភាព”។

ការដាក់ពង្រាយកងកម្លាំងចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាគោលជំហរដ៏ត្រឹមត្រូវ ដែលបង្ហាញពីតម្លៃមនុស្សសាស្ត្ររបស់វៀតណាម។ ការសុក្រិតក្របខ័ណ្ឌគតិយុត្តិដ៏ទូលំទូលាយ និងគ្រប់គ្រាន់សម្រាប់ការចូលរួមនេះ នឹងជួយវៀតណាមបំពេញការសន្យាអន្តរជាតិរបស់ខ្លួនឲ្យកាន់តែសកម្ម និងមានការទទួលខុសត្រូវចំពោះបេសកកម្មថែរក្សាសន្តិភាពពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ