សេដ្ឋកិច្ចឯកជនត្រូវតែជាសសរស្តម្ភសម្រាប់កំណើនពីរខ្ទង់

(VOVWORLD) -  វិស័យសេដ្ឋកិច្ចឯកជនកំពុងងើបឡើងយ៉ាងខ្លាំងគ្លា ក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៃខឿនសេដ្ឋកិច្ច និងកាន់តែបង្ហាញខ្លួនឯងជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ អ្នកជំនាញសេដ្ឋកិច្ចជាច្រើនជឿថា សេដ្ឋកិច្ចឯកជនត្រូវតែជាកម្លាំងត្រួសត្រាយក្នុងយុគសម័យថ្មី។

សេដ្ឋកិច្ចឯកជនត្រូវបានទទួលស្គាល់ជាផ្លូវការនៅក្នុងឯកសារនៃមហាសន្និបាតបក្សលើកទី៦ (១៩៨៦) ហើយបន្តត្រូវបានបញ្ជាក់នៅក្នុងសេចក្តីសម្រេចចិត្តបន្ទាប់ទៀត។ ជាពិសេស សេចក្តីសម្រេចចិត្តលេខ ១០ ចុះថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៧ និតិកាលទី ១៣ បានកំណត់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចទីផ្សារ តាមទិសដៅសង្គមនិយម។ បច្ចុប្បន្ន វិស័យសេដ្ឋកិច្ចឯកជនមានគ្រឹះស្ថានអាជីវកម្មជាង ៦,១លានកន្លែង ដែលក្នុងនោះមានសហគ្រាសប្រតិបត្តិការប្រមាណ ៩៤០,០០០ និងគ្រួសារអាជីវកម្មជាង ៥,២លាន។

សេដ្ឋកិច្ចឯកជនត្រូវតែជាសសរស្តម្ភសម្រាប់កំណើនពីរខ្ទង់ - ảnh 1រូបភាព៖ baochinhphu.vn

ខឿនសេដ្ឋកិច្ចរឹងមាំមិនអាចខ្វះសេដ្ឋកិច្ចឯកជនរឹងមាំបានទេ

លោក Vu Duc Giang ប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មកាត់ដេរ Viet Tien ប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មកាត់ដេរ ១០ ប្រធានសមាគមវាយនភណ្ឌនិងកាត់ដេរវៀតណាមបានឲ្យដឹងថា ដល់ពេលវេលាហើយសម្រាប់ “រទេះសេះបី” នៃខឿនសេដ្ឋកិច្ច (វិស័យរដ្ឋ វិស័យ FDI និងវិស័យឯកជន) ត្រូវបានបំផាយដោយសេះដ៏ស្វាហាប់បំផុត។ សេះនេះគឺជាសេដ្ឋកិច្ចឯកជន។ នៅពេលដែលរបាំងត្រូវបានដកចេញ និងមានឱកាសស្មើគ្នា សេដ្ឋកិច្ចឯកជននឹងក្លាយជាកម្លាំងចលករដ៏រឹងមាំបំផុតដើម្បីនាំវៀតណាមទៅកាន់វិបុលភាពលឿនជាងមុននៅលើផែនទីសេដ្ឋកិច្ចពិភពលោក។

លោក Duc Giang បានសង្កត់ធ្ងន់ថា បើគ្មានកម្លាំងនៃសហគ្រាសឯកជនមានសមត្ថភាពប្រកួតប្រជែងនោះទេ វៀតណាមនឹងក្លាយជា “រោងចក្រកែច្នៃ” ជំនួសឱ្យមជ្ឈមណ្ឌលផលិតកម្មនិងបច្ចេកវិទ្យាពិតប្រាកដ ដើម្បីប្រកួតប្រជែងដោយស្មើភាពជាមួយខឿនសេដ្ឋកិច្ចផ្សេងទៀត។ ទំនិញវៀតណាមទៅដល់ទីណា “ព្រំដែនទន់” របស់វៀតណាមនឹងអភិវឌ្ឍដល់ទីនោះ។ ដូច្នេះហើយ ត្រូវការកំណើនផលិតកម្មនៃវិស័យសេដ្ឋកិច្ចឯកជនដ៏ច្រើនកុះករ។

យោងតាមលោក Tran Van Le នាយកក្រុមហ៊ុនភាគហ៊ុនរួមនៃសារជីវកម្ម យន្តអគ្គិសនី Phuong Linh បានឲ្យដឹងថា សារដ៏រឹងមាំរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជនជួយឱ្យសហគ្រាសមានទំនុកចិត្តក្នុងការពង្រីកផលិតកម្មនិងអាជីវកម្ម រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសទាំងមូល។

“គោលនយោបាយរបស់បក្សនិងរដ្ឋាភិបាល គឺមានសារសំខាន់ណាស់។ ខ្ញុំគិតថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមកំពុងប្រឈមមុខនឹងកាលានុវត្តភាពដ៏អស្ចារ្យដើម្បីឈានទៅដល់ពិភពលោក។ ក្នុងនាមជាម្ចាស់អាជីវកម្ម ខ្ញុំមានមោទនភាពខ្លាំងណាស់ ហើយជាមូលដ្ឋានគ្រឹះសម្រាប់យើងខ្ញុំក្នុងការវិនិយោគបន្ថែមទៀត”

ចំណែកឯលោក Nguyen Duy Hung ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនចម្កាត់ពាណិជ្ជកម្មនិងសេវាកម្ម Tan Hiep Phap បានចាត់ទុកថា៖ “នៅពេលមានគោលការណ៍បែបនេះរបស់បក្ស ពីថ្នាក់ដឹកនាំកំពូលគឺលោកអគ្គលេខាបក្ស កម្លាំងសេដ្ឋកិច្ចឯកជនកាន់តែមានទំនុកចិត្ត មានសេចក្តីប្រាថ្នា និងមានការប្តេជ្ញាចិត្តកាន់តែខ្ពស់ ក្នុងការបន្តរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ”។

ទោះជាយ៉ាងណាក៏ដោយ សហគ្រាសឯកជនវៀតណាមក៏ត្រូវផ្លាស់ប្តូរផ្នត់គំនិតអភិវឌ្ឍន៍ផងដែរ។ ជាពិសេស ចាំបាច់ត្រូវស្វែងយល់ពីចក្ខុវិស័យរយៈពេលវែង ដោយកំណត់យ៉ាងច្បាស់នូវដំណាក់កាលអភិវឌ្ឍន៍; កសាងឧបករណ៍គ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ អនុវត្តគំរូនៃការគ្រប់គ្រងបែបទំនើប និងជាពិសេស ត្រូវលើកកម្ពស់បច្ចេកវិទ្យា ដែលផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍បៃតងប្រកបដោយនិរន្តរភាព។

ប្រព័ន្ធនយោបាយទាំងមូលចូលរួមដករបាំង

ក្រៅពីកិច្ចខិតខំប្រឹងប្រែងផ្ទៃក្នុងរបស់សហគ្រាស ចាំបាច់ត្រូវមានការគាំទ្រពីប្រព័ន្ធនយោបាយទាំងមូល ដោយមានទស្សនៈខ្ជាប់ខ្ជួនក្នុងការស្វែងរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចឯកជនក្លាយជាកត្តាជំរុញកំណើនដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ថ្លែងមតិក្នុងសម័យប្រជុំជាមួយគណៈកម្មការគោលនយោបាយនិងយុទ្ធសាស្ត្រមជ្ឈិម ស្តីពីដំណោះស្រាយយុទ្ធសាស្ត្រមួយចំនួនដើម្បីបង្កើតរបកគំហើញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឯកជនវៀតណាមនាពេលខាងមុខ (៧ មីនា) លោកអគ្គលេខាបក្ស តូ ឡឹម  បានសង្កត់ធ្ងន់លើតម្រូវការអនុវត្តឱ្យបានហ្មត់ចត់នូវគោលការណ៍ដែលសេដ្ឋកិច្ចឯកជនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រតិបត្តិការនិងអភិវឌ្ឍន៍លើគ្រប់ផ្នែក និងគ្រប់វិស័យ ដែលច្បាប់មិនហាមឃាត់។

“ត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន ស្របតាមកម្រិតនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនាបច្ចុប្បន្ន ជាមួយនឹងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចថ្មីរបស់ប្រទេសជាតិ ហើយគិតគូរពីការប្រែប្រួលផ្នែកភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ដើម្បីធានាថាសេដ្ឋកិច្ចឯកជនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ មានភាពធន់និងសមត្ថភាពប្រកួតប្រជែងខ្ពស់  ហើយផ្តោតលើការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស បម្រើការអភិវឌ្ឍន៍រួមនៃសេដ្ឋកិច្ចឯកជន”

អនុវត្តន៍សេចក្តីណៃនាំរបស់អគ្គលេខាបក្ស គណៈកម្មការដឹកនាំសម្រាប់ការអភិវឌ្ឍន៍គម្រោងសេដ្ឋកិច្ចឯកជន (គណៈកម្មការដឹកនាំ) បានបើកកិច្ចប្រជុំលើកដំបូង នាថ្ងៃទី ១៥ ខែមីនា សម្រាប់តម្រង់ទិសដៅអភិវឌ្ឍន៍គម្រោងសេដ្ឋកិច្ចឯកជន ដាក់ជូនការិយាល័យនយោបាយ។ គម្រោងនេះត្រូវតែស្នើឡើងនូវ ភារកិច្ចនិងដំណោះស្រាយមានលក្ខណៈទម្លុះទម្លាយ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនយ៉ាងខ្លាំងក្លា ទៅជាកម្លាំងស្នូលក្នុងដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្ម។

ទន្ទឹមនឹងការសុក្រឹត្យគម្រោងនេះ ស្ថាប័នមានសមត្ថកិច្ចបន្តរៀបចំសិក្ខាសាលានិងសន្និសីទ ប្រមូលមតិពីក្រសួង ផ្នែក ស្ថាប័ន មូលដ្ឋាន អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ជាពិសេសគឺមតិរបស់អ្នកទទួលផលពីគោលនយោបាយ ដូចជា៖ បណ្តាសមាគម ផ្នែកទំនិញ សហគ្រាស និងប្រជាជន។

សេដ្ឋកិច្ចឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់រូបរាងអនាគតនៃខឿនសេដ្ឋកិច្ចវៀតណាម។ នៅពេលដែលរដ្ឋមានស្ថាប័នសមស្រប និងបរិយាកាសអាជីវកម្មអំណោយផល សេដ្ឋកិច្ចឯកជននឹងមានការស្ទុះផ្លោះឈានទៅមុខយ៉ាងខ្លាំងក្លា មិនត្រឹមតែជួយសេដ្ឋកិច្ចឱ្យសម្រេចបាននូវអត្រាកំណើនខ្ពស់ប៉ុណ្ណោះទេ ថែមទាំងអាចប្រែក្លាយវៀតណាមទៅជាខឿនសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់ ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ