ហានិភ័យនៃអស្ថិរភាពសេដ្ឋកិច្ចពិភពលោក ដោយសារតែគោលនយោបាយពន្ធថ្មីរបស់អាមេរិក
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ២ ខែមេសា បានប្រកាសថា លោកនឹងដាក់ពន្ធទៅមកលើដៃគូសេដ្ឋកិច្ចអាមេរិកជាង ១៨០ នៅជុំវិញពិភពលោក។ កាយវិការនេះ កំពុងបង្កើតភាពតក់ស្លុតនៅលើទីផ្សារពិភពលោក និងបង្កើនការព្រួយបារម្ភអំពីហានិភ័យនៃអស្ថិរភាពដ៏ធំធេងដល់ខឿនសេដ្ឋកិច្ចពិភពលោក។
យោងតាមគោលនយោបាយពន្ធថ្មីរបស់សហរដ្ឋអាមេរិក ដៃគូសេដ្ឋកិច្ចទាំងអស់របស់អាមេរិក នឹងត្រូវបានដាក់ពន្ធជាមូលដ្ឋានចំនួន ១០% ជាមួយនឹងអត្រាពន្ធទៅមកដែលត្រូវបានគណនាជាក់ស្តែងសម្រាប់ខឿនសេដ្ឋកិច្ចនីមួយៗ ដោយមានអត្រាជាអតិបរមារហូតដល់ ៤៩% ។ ការដាក់ពន្ធទៅមកនេះត្រូវបានរំពឹងថា នឹងចូលជាធរមានចាប់ពីថ្ងៃទី ៩ ខែមេសា។
លោក Trump បានប្រកាសអត្រាពន្ធ ទៅមកនៅថ្ងៃទី ២ ខែមេសា។ រូបថត៖ Reuters |
ភាពតក់ស្លុតសម្រាប់សេដ្ឋកិច្ចសកល
ដៃគូសេដ្ឋកិច្ចសំខាន់ៗរបស់អាមេរិកភាគច្រើនទទួលរងនូវអត្រាពន្ធខ្ពស់។ ជាក់ស្តែង ប្រទេសចិនទទួលរងអត្រាពន្ធ ៣៤% ជាមួយនឹងអត្រា ២០% ដែលអាមេរិកបានអនុវត្តន៍តាំងពីខែមីនា នាំឱ្យអត្រាពន្ធសរុបលើទំនិញចិននាំចូលអាមេរិកឡើងដល់ ៥៤%។ សហភាពអឺរ៉ុប (EU) ជាប់ពន្ធ ២០% ជប៉ុន ២៤% និងកូរ៉េខាងត្បូង ២៦%។ គួរកត់សម្គាល់ថា ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនក៏ប្រឈមនឹងអត្រាពន្ធខ្ពស់ ចាប់ពី ៣០-៤៩% ផងដែរ។ ការផ្លាស់ប្តូរគោលនយោបាយពន្ធរបស់អាមេរិក បានបង្កឱ្យមានភាពភាពតក់ស្លុតជាសកល ដែលឆ្លុះបញ្ចាំងពីការប្រែប្រួលយ៉ាងខ្លាំង នៃទីផ្សារភាគហ៊ុននៅជុំវិញពិភពលោក។ យោងតាមអ្នកសង្កេតការណ៍ ការដាក់ពន្ធរបស់អាមេរិកលើពិភពលោកស្ទើរតែទាំងអស់ បានគូសសញ្ញានៃការផ្លាស់ប្តូរដ៏ធំបំផុតនៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ហើយអាចពន្លឿនការកំណត់រូបរាងសណ្តាប់ធ្នាប់សេដ្ឋកិច្ចថ្មីមួយដែលមិនអាចទាយទុកជាមុនបាន។ ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលខាងមុខ សេដ្ឋកិច្ចពិភពលោកប្រឈមនឹងផលវិបាកសេដ្ឋកិច្ចដ៏ធំធេង។ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានប្រកាសថា៖ “សេចក្តីប្រកាសរបស់លោកប្រធានាធិបតី Trump ដាក់ពន្ធលើពិភពលោកទាំងមូលគឺជាការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។ សេដ្ឋកិច្ចពិភពលោកនឹងរងផលវិបាកយ៉ាងធ្ងន់ធ្ងរ ដោយសារតែភាពមិនប្រាកដប្រជារីករាលដាល និងលិទ្ធិគាំពារនិយមកើនឡើង។ អ្នកប្រើប្រាស់ទូទាំងពិភពលោកក៏រងផលប៉ះពាល់ ដោយមនុស្សរាប់លាននាក់ ប្រឈមមុខនឹងវិក័យប័ត្រកើនឡើងខ្ពស់”។
ចែករំលែកក្តីបារម្ភដូចគ្នា សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច Thomas Bridgesពីសាកលវិទ្យាល័យ Delaware (អាមេរិក) បានឲ្យដឹងថា សេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន ត្រូវបានរៀបចំដោយផ្អែកលើការបែងចែកកម្លាំងពលកម្ម និងមានលក្ខណៈឯកទេសខ្ពស់ ដែលខឿនសេដ្ឋកិច្ចនីមួយៗផ្តោតលើការអភិវឌ្ឍវិស័យដែលមានប្រៀបខ្លាំង និងតាមរយៈពាណិជ្ជកម្មសេរី ដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមក។ ដូច្នេះហើយ ការដាក់ពន្ធរបស់រដ្ឋបាលអាមេរិកលើពិភពលោកស្ទើរតែទាំងមូលនឹងធ្វើឱ្យខូចខាត់ដល់មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសកល ដែលប្រទេសនានា រួមទាំងសហរដ្ឋអាមេរិកបានរួមចំណែកសាងសង់ឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។
“ការមិនបង្កើតរបាំងពាណិជ្ជកម្មអនុញ្ញាតឱ្យសេដ្ឋកិច្ចដំណើរការកាន់តែមានប្រសិទ្ធភាពនិងមានមូលដ្ឋានដ៏រឹងមាំជាងមុន។ ដូច្នេះខ្ញុំមានការព្រួយបារម្ភថា ប្រសិនបើការដាក់ពន្ធរបស់អាមេរិកបន្តអូសបន្លាយ វានឹងបង្កើតផលវិបាកដ៏ធ្ងន់ធ្ងរដល់មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចពិភពលោក”។
ឈ្មួញភាគហ៊ុននៅផ្សារហ៊ុន NYSE ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃទី ៣ ខែមេសា។ រូបថត៖ Reuters |
ភាពតក់ស្លុតសម្រាប់សេដ្ឋកិច្ចអាមេរិក?
មិនត្រឹមតែបង្កឱ្យមានការភាពតក់ស្លុតជាសកលនោះទេ សេចក្តីសម្រេចដាក់ពន្ធគយទៅមកលើដៃគូសេដ្ឋកិច្ចភាគច្រើនរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏កំពុងបង្កើតបរិយាកាសអស្ថេរភាពនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ផ្សារហ៊ុនញូវយ៉ក (NYSE) នៅថ្ងៃទី ៣ ខែមេសា បានកត់ត្រាវគ្គជួញដូរដ៏អាក្រក់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ នៅពេលដែលសន្ទស្សន៍សំខាន់ៗ (S&P 500; Dow Jones; Nasdaq) ទាំងអស់បានធ្លាក់ចុះពី ៤-៥,៩% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ ២០២០មក។ ភាពតក់ស្លុតនេះ "បានធ្វើឲ្យខ្ចាត់ខ្ចាត" ជាង ២.៥០០ ពាន់លាន USD នៅក្នុងផ្សារហ៊ុន NYSE ។ អ្នកជំនាញ Maurice Obstfeld នៃវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ Peterson (សហរដ្ឋអាមេរិក) បានព្រមានថា៖ “ប្រជាជនអាមេរិកនឹងមើលឃើញតម្លៃហក់ឡើង។ ហើយតាមការរចនា អត្រាពន្ធនឹងប៉ះពាល់ខ្លាំងបំផុតលើប្រទេសដែលអាមេរិកមានឱនភាពច្រើន ពោលគឺប្រទេសដែលអាមេរិកពេញនិយម ឬត្រូវការទំនិញរបស់ពួកគេបំផុត។ ដូច្នេះ ប្រជាជនអាមេរិកនឹងត្រូវការបង់ថ្លៃខ្ពស់បំផុស សម្រាប់មុខទំនិញដែលប្រជាជនអាមេរិកត្រូវការ ឬពេញនិយមបំផុត”។
សេដ្ឋវិទូជាច្រើនក៏ជឿជាក់ថា ក្នុងរយៈពេលដ៏ខ្លី វិស័យឧស្សាហកម្មមួយចំនួនរបស់អាមេរិកអាចទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយពន្ធថ្មីនេះ ប៉ុន្តែក្នុងរយៈពេលវែង សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសអាមេរិក ជាពិសេសក្នុងវិស័យមួយចំនួន (រថយន្ត ថាមពល។ល។) នឹងរងផលប៉ះពាល់នៅពេលដែលតម្លៃនាំចូលវត្ថុធាតុដើមនិងឧបករណ៍ជំនួយពីខាងក្រៅកើនឡើងខ្ពស់។ ការនាំយកផ្នែកផលិតកម្មត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដែលជាគោលដៅដ៏ធំបំផុតមួយ ដែលលោក Donald Trump បានលើកឡើងនៅពេលដំឡើងពន្ធទៅមក ក៏ជាសំណួរដ៏ធំមួយដែរ ព្រោះការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់និងផលិតកម្មសកលអាចត្រូវការពេលវេលាយូរជាងអាណត្តិរបស់លោក Donald Trump ។
ដូច្នេះហើយ អ្នកសង្កេតការណ៍ជឿជាក់ថា អត្រាពន្ធថ្មីនេះគ្រាន់តែជាជំហានដំបូងរបស់រដ្ឋបាលអាមេរិកក្នុងការបង្ខំឱ្យដៃគូសេដ្ឋកិច្ចធ្វើការចរចាដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ហើយធ្វើសម្បទានសេដ្ឋកិច្ចសំខាន់ៗ។ ជាឧទាហរណ៍សម្រាប់សេចក្តីសន្និដ្ឋាននេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក Howard Lutnick កាលពីថ្ងៃទី ៣ ខែមេសាបានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកនឹងចរចាជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗទាំងអស់ជុំវិញពិភពលោកអំពីវិធានការកាត់បន្ថយពន្ធថ្មីដែលប្រកាសដោយសហរដ្ឋអាមេរិក។ យោងតាមរដ្ឋមន្ត្រី Lutnick ប្រទេសនានានឹងត្រូវផ្លាស់ប្តូរបទបញ្ញាតិរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យមានការនាំចូលផលិតផលរបស់សហរដ្ឋអាមេរិកកាន់តែច្រើន សំដៅកាត់បន្ថយផលប៉ះពាល់នៃអត្រាពន្ធទាំងនេះ៕