អឺរ៉ុបស្វែងរកសាមគ្គីភាពនៅចំពោះមុខនឹងភាពចលាចលផ្នែកសន្តិសុខ

(VOVWORLD) - មេដឹកនាំនៃប្រទេសអឺរ៉ុបជាច្រើនបានបើកកិច្ចប្រជុំកំពូលជាបន្ទាន់នៅទីក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃទី ១៧ ខែកុម្ភៈ ដើម្បីស្វែងរកដំណោះស្រាយឆ្លើយតបហានិភ័យនៃការបាត់បង់ការធានាសន្តិសុខពីសហរដ្ឋអាមេរិក ក៏ដូចជាត្រូវដកចេញពីរាល់ការចរចាស្តីពីការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ កិច្ចប្រជុំកំពូលបន្ទាន់នៅទីក្រុងប៉ារីសបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសន្និសិទសន្តិសុខទីក្រុង Munich (ថ្ងៃទី ១៤-១៦ ខែកុម្ភៈ).

យុគសម័យថ្មីរបស់ទ្វីបអឺរ៉ុប

អឺរ៉ុបស្វែងរកសាមគ្គីភាពនៅចំពោះមុខនឹងភាពចលាចលផ្នែកសន្តិសុខ - ảnh 1ប្រធានាធិបតីបារាំង លោក Emmanuel Macron (ស្តាំ) និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer នៅវិមាន Elysee ទីក្រុងប៉ារីស ថ្ងៃទី ១៧ ខែកុម្ភៈ (រូបថត៖ រ៉យទ័រ)

ចូលរួមកិច្ចប្រជុំកំពូលជានៅទីក្រុងប៉ារីស គឺបណ្តាប្រទេសដែលត្រូវបានរដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បានវាយតម្លៃថា "មានបំណងប្រាថ្នា និងសមត្ថភាព" ក្នុងការរួមចំណែកដល់រចនាសម្ព័ន្ធសន្តិសុខនាពេលអនាគតរបស់អឺរ៉ុប រួមមាន បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ហូឡង់ ប៉ូឡូញ ដាណឺម៉ាក (តំណាងប្រទេសបាល់ទិក) និងចក្រភពអង់គ្លេស ដែលជាប្រទេសដែលបានចាកចេញពីសហភាពអឺរ៉ុបក្នុងឆ្នាំ ២០១៦។ ក្រៅពីនោះ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO)  លោក Mark Rutte ក៏បានចូលរួមផងដែរ។

យោងតាមអ្នកសង្កេតការណ៍ មេដឹកនាំអឺរ៉ុបបានចូលកិច្ចប្រជុំនៅទីក្រុង ប៉ារីសជាមួយនឹង "ស្ថានភាពជាក់ស្តែងថ្មី" ចំនួនបី ដែលត្រូវប្រឈមមុខ ចាប់តាំងពីសន្និសីទសន្តិសុខទីក្រុង Munich រួមមាន៖ សហរដ្ឋអាមេរិក និងអឺរ៉ុបលែងចែករំលែកតម្លៃរួមដែលជាមូលដ្ឋានគ្រឹះនៃសម្ព័ន្ធភាពឆ្លងអាត្លង់ទិកចាប់តាំងពីឆ្នាំ ១៩៤៥; អឺរ៉ុបមិនអាចពឹងផ្អែកលើឆ័ត្រសន្តិសុខរបស់សហរដ្ឋអាមេរិកទៀតទេ;ផែនការរបស់អាមេរិក ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែនមិនគិតគូរពីតួនាទីរបស់អឺរ៉ុបទេ។ ដូច្នេះហើយ អឺរ៉ុបត្រូវតែផ្លាស់ប្តូរការយល់ឃើញរបស់ខ្លួនយ៉ាងឆាប់រហ័ស និងបង្កើតផែនការសកម្មភាពបន្ទាន់មួយ ដើម្បីការពារសំឡេងរបស់ខ្លួន មិនត្រឹមតែនៅក្នុងបញ្ហាអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការរៀបចំស្ថាបត្យកម្មសន្តិសុខថ្មីរបស់ទ្វីបទៀតផង។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ទោះបីជាខ្លឹមសារលម្អិតនៃកិច្ចពិភាក្សាមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈក៏ដោយ ក៏មេដឹកនាំអឺរ៉ុបទាំងអស់បានបញ្ជាក់ថា អឺរ៉ុបបានឈានចូលដល់ចំណុចរបត់ជាប្រវត្តិសាស្ត្រ។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានប្រកាសថា៖ “នេះគឺជាពេលវេលាដែលកើតមកតែមួយដង់ប៉ុណ្ណោះ សម្រាប់សន្តិសុខរួមរបស់អឺរ៉ុប។ នៅពេលនេះ យើងត្រូវតែទទួលស្គាល់ថា យើងបានឈានចូលយុគសម័យថ្មីមួយ ដោយមិនប្រកាន់ភ្ជាប់នូវភាពស្រណុកសុខស្រួលពីអតីតកាលឡើយ។ ឥឡូវដល់ពេលហើយដែលអឺរ៉ុបត្រូវទទួលខុសត្រូវចំពោះសន្តិសុខរបស់ទ្វីប”។

ការយល់ស្របធំទីពីរដែលបណ្តាប្រទេសអឺរ៉ុបសម្រេចបានគឺលើការបង្កើនការចំណាយថវិការលើវិស័យការពារជាតិ។ នៅមុនសន្និសីទ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានអំពាវ នាវឱ្យរដ្ឋជាសមាជិកបន្ធូរបន្ថយបទប្បញ្ញត្តិថវិកាក្នុងទិសដៅ ចំណាយលើវិស័យការពារជាតិជាអាទិភាព ហើយក្នុងពេលជាមួយគ្នានេះ កែសម្រួលកិច្ចព្រមព្រៀងស្ថិរភាព និងកំណើនរបស់អឺរ៉ុប ដោយហេតុនេះ អនុវត្ត បទប្បញ្ញត្តិនៃ "ឱនភាពថវិកាមិនលើសពី ៣% នៃ GDP" កាន់តែមានភាពបត់បែនជាង។ គិតត្រឹមចុងឆ្នាំមុន ថវិកាការពារជាតិរបស់សហភាពអឺរ៉ុបមានជាង ៣២០ ពាន់លានអឺរ៉ូ (៣៣៥ ពាន់លានដុល្លារអាមេរិក) ប៉ុន្តែបើយោងតាមលោកស្រី Ursula von der Leyen តួលេខនេះគួរតែខ្ពស់ជាង។ នេះក៏ជាប្រការដែលអគ្គលេខាធិការអង្គការអាត្លងទិង់លោក Mark Rutte បានលើកឡើងជាច្រើនលើកមុនមក។

“បណ្តាប្រទេសនៅអឺរ៉ុបក្នុងអង្គការ NATO ចាំបាច់ត្រូវចំណាយបន្ថែមទៀតលើវិស័យការពារជាតិ។ ប្រសិនបើការចំណាយមិនគ្រប់គ្រាន់ ការរួមវិភាគទានចាំបាច់ត្រូវបង្កើន ប្រហែលជាជិតដល់ ៣% នៃផលិតផលក្នុងស្រុកសរុប។ ឥឡូវនេះ ខ្ញុំមិនទាន់មានលេខពិតប្រាកដទេ ប៉ុន្តែយើងនឹងគណនាដោយផ្អែកលើការពិត លើទិន្នន័យ ក៏ដូចជាដំណើរការកសាងសមត្ថភាព។ ច្បាស់ណាស់ថា ប្រសិនបើអ្វីៗនៅតែបន្តដូចបច្ចុប្បន្ន អឺរ៉ុបនឹងមិនសម្រេចបាននូវគោលដៅសន្តិសុខរបស់ខ្លួន ហើយនឹងមិនមានសុវត្ថិភាពក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំខាងមុខទៀតនោះទេ”។

តើធ្វើដូចម្តេចដើម្បីធានាសន្តិសុខសម្រាប់អ៊ុយក្រែន?

អឺរ៉ុបស្វែងរកសាមគ្គីភាពនៅចំពោះមុខនឹងភាពចលាចលផ្នែកសន្តិសុខ - ảnh 2អធិការបតីអាល្លឺម៉ង់ Olaf Scholz (រូបថត៖ TTXVN)

ជាហេតុផលមួយក្នុងចំណោមហេតុផលដែលបង្ខំឱ្យបណ្តាប្រទេសអឺរ៉ុបរៀបចំកិច្ចប្រជុំកំពូលបន្ទាន់នៅទីក្រុងប៉ារីស បញ្ហាដែលអឺរ៉ុបគួរតែចូលរួមយ៉ាងដូចម្ត៉េចក្នុងដំណើរការដោះស្រាយជម្លោះនៅអ៊ុយក្រែនក៏ត្រូវបានពិភាក្សាផងដែរ ប៉ុន្តែមិនបានកត់ត្រាលទ្ធផលគួរឱ្យកត់សម្គាល់ណាមួយឡើយ។ សេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ថា អង់គ្លេសបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ដើម្បីធានាសន្តិសុខ ប្រសិនបើមានកិច្ចព្រមព្រៀងមួយត្រូវបានទទួលដោយប្រុងប្រយ័ត្ន។ ប៉ូឡូញតែងតែប្រឆាំងគំនិតនេះ ដោយលើកហេតុផលថា ប៉ូឡូញមានបន្ទុកគ្រប់គ្រាន់ក្នុងការធានាសន្តិសុខនៃផ្នែកខាងកើតរបស់អង្គការណាតូ។ ក្នុងពេលជាមួយគ្នានោះ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានចាត់ទុកថា ការពិភាក្សាអំពីសេណារីយ៉ូបែបនេះនៅពេលនេះគឺមិនសមស្របនោះទេ។

“ការពិភាក្សាអំពីបញ្ហានេះចំពេលនេះគឺមិនសមស្របទេ។ ខ្ញុំថែមទាំងមានការមិនពេញចិត្តជាមួយនឹងការពិភាក្សាទាំងនេះ។ មនុស្សម្នាកំពុងនិយាយអំពីសេណារីយ៉ូផ្សេងៗគ្នាដែលមិនអើពើដល់អ៊ុយក្រែន ពោលគឺនិយាយអំពីសេណារីយ៉ូដែលការចរចាសន្តិភាពមិនទាន់បានប្រព្រឹត្តទៅ ហើយអ៊ុយក្រែនមិនទាន់បាននិយាយថា នឹងយល់ព្រមឬអត់ទេហើយខ្លួននឹងចូលរួមឬ អត់។ នេះជារឿងមិនសមស្រប ហើយនិយាយដោយត្រង់ៗ យើងមិនដឹងថា លទ្ធផលនឹងទៅជាយ៉ាងណានៅពេលនេះ”។

បញ្ហាធំមួយទៀតគឺថា អឺរ៉ុបមិនទាន់មានសមត្ថភាពការពារជាតិ ដើម្បីទទួលភារកិច្ចត្រួតពិនិត្យ និងរក្សាសន្តិភាពនៅអ៊ុយក្រែនដោយខ្លួនឯងទេ ប្រសិនបើសេណារីយ៉ូនេះកើតឡើង។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដែលជាអ្នកគាំទ្រខ្លាំងបំផុតនៃគំនិតនៃការបញ្ជូនទាហានអឺរ៉ុបទៅកាន់អ៊ុយក្រែនបន្ទាប់ពីជម្លោះបានបញ្ចប់បានទទួលស្គាល់ថា បើគ្មានជំនួយពីសហរដ្ឋអាមេរិកទេ ផែនការរបស់អឺរ៉ុបនឹងមិនអាចទៅរួចទេ។ ដូច្នេះហើយ នាយករដ្ឋមន្ត្រីអង់គ្លេស បានឲ្យដឹងថា លោកនឹងទៅសហរដ្ឋ អាមេរិក នៅចុងសប្តាហ៍នេះ ដើម្បីបញ្ចុះបញ្ចូលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កុំឱ្យបោះបង់ការសន្យារបស់លោក ចំពោះអ៊ុយក្រែន និងសន្តិសុខអឺរ៉ុបនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ