ពិធីជូនដំណើរលោកអគ្គលេខាបក្ស តូ ឡឹម និងលោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិ សូហ្វីយ៉ា។ (រូបថត៖ Thong Nhat/VNA)

មុននេះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ កាលពីរសៀលថ្ងៃទី ២៤ តុលា នៅរដ្ឋធានីសូហ្វីយ៉ា លោកអគ្គលេខាបក្ស តូ ឡឹម បានជួបជាមួយនាយករដ្ឋមន្ត្រីប៊ុលហ្គារី រ៉ូសិន ហ្សេលីយ៉ាសកូវ។ នៅទីនេះ មេដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើនទំនុកចិត្តនយោបាយ ជំរុញផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យជាន់ខ្ពស់ និងការផ្លាស់ប្ដូរប្រជាជន; លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ប្រកបដោយប្រសិទ្ធភាព; សម្របសម្រួលដើម្បីធានាខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាព តភ្ជាប់ឡូជីស្ទីកតាមរយៈកំពង់ផែសមុទ្រ ឆ្ពោះទៅរកបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីទ្វេដងនៅក្នុងប៉ុន្មានឆ្នាំខាងមុខ។ លោកអគ្គលេខាបក្សបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រួលដល់ទំនិញប៊ុលហ្គារីឱ្យចូលទីផ្សារក្នុងស្រុក និងអាស៊ាន ដោយសង្ឃឹមថាប៊ុលហ្គារីនឹងក្លាយជា «ច្រកទ្វារ» សម្រាប់ទំនិញវៀតណាមចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុប។

លោកអគ្គលេខាបក្ស តូ ឡឹម បានជួបជាមួយនាយករដ្ឋមន្ត្រីប៊ុលហ្គារី រ៉ូសិន ហ្សេលីយ៉ាសកូវ។ (រូបថត៖ Thong Nhat/VNA)

លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានស្នើឱ្យពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យប្រពៃណីដូចជា៖ ការអប់រំ - បណ្តុះបណ្តាល វប្បធម៌ - ទេសចរណ៍ សុខាភិបាល ពលកម្ម កសិកម្ម រួមទាំងការជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដក «កាតលឿង» សម្រាប់ជលផលនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារ EU ក្នុងពេលឆាប់ៗនេះ ផងដែរ។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើ ឱ្យប្រទេសប៊ុលហ្គារីយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើការ; បន្តសម្រួលដល់ប្រជាជនវៀតណាមដែលមានសិទ្ធិគ្រប់គ្រាន់ ទទួលបានសញ្ជាតិប៊ុលហ្គារី។

មេដឹកនាំទាំងពីរបានចាត់ទុកថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលច្រើនដើម្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ ដូចជា៖ ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត សន្តិសុខតាមអ៊ីនធឺណិត រដ្ឋាភិបាលអេឡិចត្រូនិក...; សង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ធ្វើឱ្យកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ប៊ុលហ្គារី។ ភាគីទាំងពីរបានបញ្ជាក់ថានឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអន្តរជាតិ ជាពិសេសនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងអាស៊ាន - EU៕