យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១៥ ៖០០ ថ្ងៃទី ១៣ ខែមេសា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាប្រជាជនជាង ១៣៧.៤ លាននាក់ ឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានមនុស្សស្លាប់ជាង ២,៩៦ លាននាក់ ប្រទេសសហរដ្ឋអាមេរិកនៅតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានអ្នកស្លាប់ជាង ៥៧៦.០០០ នាក់ ក្នុងចំណោមករណីឆ្លងជំងឺកូវីដ១៩ ជិត ៣២ លានករណី។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។
នៅទ្វីបអាស៊ី មានអ្នកស្លាប់ច្រើនជាង ២៨៧.០០០ នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ ជាង ១៩,៨ លានករណី។ ជាក់ស្តែង កាលពីថ្ងៃទី ១៣ ខែមេសា ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៨១ ករណីថែមទៀត ក្នុងនោះមាន ១៧៨ ករណីឆ្លងក្នុងសហគមន៍។ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចពន្យារពេលបម្រាមគោចររយៈពេល ២ សប្តាហ៍ទៀត (រហូតដល់ថ្ងៃទី ២៨ ខែមេសា) ពីព្រោះចំនួនករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ មិនទាន់បានបង្ហាញពីសញ្ញាថយចុះនៅឡើយ។ រីឯប្រទេសថៃ បានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៩៦៥ ករណី ដែលនាំឱ្យមានករណីឆ្លងជំងឺសរុបចំនួន ៣៤.៥៧៥ ករណី ដែលក្នុងនោះមាន ៩៧ ករណីបានស្លាប់៕
