នៅរសៀលថ្ងៃទី ៦ ខែមេសា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយលោក Iain Frew ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងប្រចាំនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹងទំនាក់ទំនងជាមួយចក្រភពអង់គ្លេស; ស្វាគមន៍ការរួមចំណែកជាវិជ្ជមានរបស់ចក្រភពអង់គ្លេសនៅតំបន់ និងការសម្របសម្រួលរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ហិរញ្ញវត្ថុ ការអប់រំនិងបណ្តុះបណ្តាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការពារជាតិនិងសន្តិសុខ ការផ្លាស់ប្តូរថាមពល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ វប្បធម៌ ទេសចរណ៍ និងការជួបប្រាស្រ័យគ្នារវាងប្រជាជន;សម្រួលដល់ការផ្ដល់ទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាម ដែលដំបូងឡើយគឺការលើកលែង ទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។
រីឯខ្លួនវិញ លោកឯកអគ្គរាជទូត Iain Frew បានបញ្ជាក់ថា ចក្រភពអង់គ្លេសត្រៀមខ្លួនជាស្រេចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលខាងមុខ ជាពិសេសការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរថាមពល; ឯកភាពថា នឹងសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួង និងស្ថាប័ននានារបស់វៀតណាម ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ទៅកាន់ចក្រភពអង់គ្លេស។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ភាគីទាំងពីរបានឯកភាពគ្នាលើសារៈសំខាន់នៃការពង្រឹងការសន្ទនានិងការគោរពច្បាប់អន្តរជាតិ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក រួមទាំងការធានាសេរីភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើតផងដែរ៕
