នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតចិនលោក He Wei។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យលោកឯកអគ្គរដ្ឋទូត He Wei ពាំនាំនូវសេចក្ដីសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីរបស់លោកអគ្គលេខាបក្ស To Lam លោកប្រធានរដ្ឋ Luong Cuong លោកប្រធានរដ្ឋសភា Tran Thanh Man និងរូបលោក ទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស និងរដ្ឋចិន។ លោកនាយករដ្ឋមន្រ្តីបានអបអរសាទរចំពោះសមិទ្ធិផលអភិវឌ្ឍន៍ជាវិជ្ជមានរបស់ចិនហើយបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយចិន គឺជាគោលជំហរដ៏ខ្ជាប់ខ្ជួន ជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពចម្បងក្នុងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយម និងធ្វើពិពិធកម្មរបស់វៀតណាម។
លោកឯកអគ្គរដ្ឋទូត He Wei បានអះអាងថា បក្ស និងរដ្ឋាភិបាលចិនគោរពទំនាក់ទំនងជាមួយវៀតណាម ហើយជានិច្ចកាលចាត់ទុកទំនាក់ទំនងចិន-វៀតណាមជាអាទិភាពក្នុងគោលនយោបាយការទូតជាមួយអ្នកជិតខាងរបស់ចិន។ លោកឯកអគ្គរដ្ឋទូតបានគោរពពាំនាំនូវសេចក្ដីសាកសួរសុខទុក្ខ និងសេចក្ដីជូនពរឆ្នាំថ្មីដ៏ល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ពីអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋ លោក Li Qiang ប្រធានរដ្ឋសភា លោក Zhao Leji ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនលោក Wang Huning ទៅកាន់ថ្នាក់ដឹកនាំកំពូលវៀតណាម ព្រមទាំងបានអបអរសាទរចំពោះសមិទ្ធិផលអភិវឌ្ឍន៍ដ៏គួរអោយចាប់អារម្មណ៍របស់វៀតណាមក្នុងឆ្នាំ ២០២៤ ផងដែរ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ហើយនាពេលខាងមុខ នឹងសម្របសម្រួលរៀបចំសកម្មភាពជាបន្តបន្ទាប់នៃឆ្នាំផ្លាស់ប្តូរមនុស្សសាស្ត្រចិន-វៀតណាម ដើម្បីអបអរសាទរខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៥០-២០២៥)៕

