នៅថ្ងៃទី១២ ខែមេសា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានធ្វើការសន្ទនាតាមទូរស័ព្ទ ដោយពិភាក្សាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញដំណោះស្រាយនយោបាយ និងការទូត ដើម្បីដោះស្រាយជម្លោះនៅក្នុងតំបន់។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីប្តងទៀត​ពីបំណងចង់ពង្រឹងទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ី និងអ៊ីរ៉ង់បន្ថែមទៀត។

វិមានក្រឹមឡាំងបានឲ្យ​ដឹងថា ប្រធានាធិបតីអ៊ីរ៉ង់បានចែករំលែកការវាយតម្លៃមួយចំនួនអំពីការចរចា​រវាង​អ៊ីរ៉ង់-សហរដ្ឋអាមេរិកនៅថ្ងៃទី១១ ខែមេសា នៅប្រទេសប៉ាគីស្ថាន; ហើយ​បានទទួលស្គាល់​ទស្ស​នៈរបស់រុស្ស៊ីនៅក្នុងវេទិកាអន្តរជាតិស្តីពីការលើកកម្ពស់ការបន្ធូរបន្ថយភាពតានតឹង។ លោក Masoud Pezeshkian ក៏បានថ្លែងអំណរគុណដល់រុស្ស៊ីចំពោះជំនួយមនុស្សធម៌ដល់ប្រជាជនអ៊ីរ៉ង់ និងបានផ្ញើសារជូនពរបុណ្យ Easter ដល់លោក​ប្រធានាធិបតី Vladimir Putin។​

ចំណែក​ឯភាគីរុស្ស៊ីវិញ លោក​ប្រធានាធិបតី Vladimir Putin បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយនយោបាយ និងការទូត ដោយឆ្ពោះទៅរកសន្តិភាពដ៏យូរអង្វែង​និងយុត្តិធម៌ នៅមជ្ឈិមបូព៌ា។ មេដឹកនាំរុស្ស៊ីបាន​ឲ្យដឹងថា រុស្ស៊ីនឹងរក្សាការសន្ទនាយ៉ាងសកម្មជាមួយប្រទេសទាំងអស់នៅក្នុងតំបន់៕​