នៅព្រឹកថ្ងៃទី១៣ ខែមេសា នៅទីក្រុងហាណូយ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកនាយករដ្ឋមន្ត្រី រ៉ូប៊ឺត ហ្វីកូ បានជួបពិភាក្សាគ្នា។
បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្ដូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយធ្វើសន្និសីទសារព័ត៌មានរួមគ្នា ដើម្បីប្រកាសពីលទ្ធផលនៃកិច្ចពិភាក្សា។ នៅក្នុងសន្និសីទសារព័ត៌មាន នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ថា កិច្ចពិភាក្សាទទួលបានជោគជ័យល្អប្រសើរ ដោយឈានដល់ការឯកភាពខ្ពស់លើទិដ្ឋភាពជាច្រើន។ នាយករដ្ឋមន្ត្រីទាំងពីរបានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម-ស្លូវ៉ាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា៖
“ដោយចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី វៀតណាមនឹងបន្តយកចិត្តទុកដាក់ហើយមានបំណងចង់ជំរុញទំនាក់ទំនងជាមួយស្លូវ៉ាគី ដែលជាដៃគូអាទិភាពចម្បងមួយ របស់វៀតណាមនៅអឺរ៉ុបកណ្តាលនិងខាងកើត ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាពជាងមុន។ ក្នុងស្មារតីនោះ នៅក្នុងកិច្ចពិភាក្សាថ្ងៃនេះ ខ្ញុំមានបំណងចង់ពិភាក្សាយ៉ាងជាក់ស្ដែង និងបើកចំហជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី លើស្ថានភាពពិភពលោកនិងតំបន់ ក៏ដូចជាវិធានការនានា ដើម្បីបង្កើតវឌ្ឍនភាពជាក់ស្ដែងបន្ថែមទៀតនៅក្នុងទំនាក់ទំនងទ្វេភាគី; ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រដែលយើងទើបតែបង្កើតឡើង។ សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក ហើយឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោកផងដែរ”។
ក្នុងដំណើរទស្សនកិច្ចនេះ បណ្ដាក្រសួង ផ្នែក មូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរ បានចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការចំនួន ១៦ លើវិស័យសំខាន់ៗ ដូចជា នយោបាយ ការទូត ការពារជាតិ វប្បធម៌ ថាមពលនុយក្លេអ៊ែរ ស្តង់ដារវាស់វែងគុណភាព កិច្ចសហប្រតិបត្តិការមូលដ្ឋាន សន្តិសុខ សុខាភិបាល ទេសចរណ៍ ការដំឡើងនាវា។ ល៕
